លោក ត្រាំ៖ «កិច្ចព្រមព្រៀង TikTok កំពុងស្ថិតក្នុងដំណើរការល្អ» ក្រោយការសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី
21-09-2025 08:38
(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្រេចនូវវឌ្ឍនភាពលើ កិច្ចព្រមព្រៀង TikTok ហើយនឹងជួបមុខគ្នាផ្ទាល់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ទៀតនៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម ថ្នាំញៀនខុសច្បាប់ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

មេដឹកនាំនៃមហាអំណាចទាំងពីរនេះ ហាក់បានបន្ទាបបន្ថយភាពតានតឹងក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេលបីខែនេះ ប៉ុន្តែវាមិនទាន់ច្បាស់ភ្លាមៗនោះទេថា តើការសន្ទនានេះបានផ្តល់នូវកិច្ចព្រមព្រៀងរឹងមាំមួយ ដូចដែលត្រូវបានគេរំពឹងទុកលើជោគវាសនានៃកម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ ឬយ៉ាងណា។
មេដឹកនាំទាំងពីរបានយល់ព្រមបន្តការចរចាបន្ថែមទៀតនៅក្រៅកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែតុលា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។
លោក ត្រាំ ក៏បានថ្លែងថា លោកនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំក្រោយ ហើយលោក ស៊ី នឹងមកកាន់សហរដ្ឋអាមេរិកនៅពេលក្រោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយថា៖ «លោកបានយល់ព្រមលើកិច្ចព្រមព្រៀង TikTok ហើយ» ដោយបន្ថែមថា អាចនៅមានការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ។ លោកបានបន្តថា៖ «កិច្ចព្រមព្រៀង TikTok កំពុងស្ថិតក្នុងដំណើរការល្អហើយ»។ លោក ត្រាំ ក៏បានលើកឡើងពីចលនាវិជ្ជមានលើពាណិជ្ជកម្ម ថ្នាំ Fentanyl និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងអំឡុងពេលនៃការសន្ទនាដែលលោកបាននិយាយថា មានរយៈពេលប្រហែលពីរម៉ោង។
ការអនុម័តចុងក្រោយរបស់ទីក្រុងប៉េកាំងលើក្របខ័ណ្ឌកិច្ចព្រមព្រៀងដែលសម្រេចបានដោយភាគីទាំងពីរក្នុងសប្តាហ៍នេះ គឺជាឧបសគ្គមួយដែលលោក ត្រាំ ត្រូវការដោះស្រាយដើម្បីរក្សា TikTok ឲ្យបន្តបើកដំណើរការ។ សភាបានបញ្ជាឲ្យកម្មវិធីនេះបិទសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកត្រឹមខែមករា ឆ្នាំ២០២៥ ប្រសិនបើទ្រព្យសម្បត្តិរបស់ខ្លួននៅសហរដ្ឋអាមេរិកមិនត្រូវបានលក់ដោយម្ចាស់ជនជាតិចិន ByteDance នោះទេ។
សេចក្តីថ្លែងការណ៍របស់ចិនមិនបាននិយាយពីកិច្ចព្រមព្រៀងផ្លូវការណាមួយលើ TikTok ទេ។ លោក ត្រាំ ធ្លាប់បានបញ្ជាក់ជាច្រើនដងក្នុងសប្តាហ៍នេះថា កិច្ចព្រមព្រៀងអាចនឹងកើតមានក្នុងពេលឆាប់ៗ។
នៅព្រឹកថ្ងៃសៅរ៍ ក្រុមហ៊ុន ByteDance បានចេញសេចក្តីថ្លែងការណ៍អរគុណដល់លោក ត្រាំ និងលោក ស៊ី «ចំពោះការយកចិត្តទុកដាក់របស់ពួកគេចំពោះ TikTok» ដោយបន្ថែមថា ខ្លួននឹងធ្វើការឆ្ពោះទៅរកមធ្យោបាយមួយដើម្បីបន្តបម្រើអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលបំពេញតាមតម្រូវការផ្លូវច្បាប់របស់ចិន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចព្រមព្រៀងនេះនឹងផ្ទេរទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិកពីក្រុមហ៊ុន ByteDance ទៅឲ្យម្ចាស់ភាគហ៊ុនអាមេរិក។ ប្រភពដែលស្គាល់ច្បាស់ពីកិច្ចព្រមព្រៀងនេះបាននិយាយថា TikTok នៅសហរដ្ឋអាមេរិកនៅតែនឹងប្រើប្រាស់ Algorithm របស់ក្រុមហ៊ុន ByteDance៕
https://www.reuters.com/world/china/trump-xi-seek-tiktok-win-break-us-china-gridlock-2025-09-19/