Liverpool ឈ្នះ Everton ២-១ ជាជ័យជម្នះលើកទី៥ ជាប់ៗគ្នាក្នុងលីគ Premier League
21-09-2025 09:58
(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯកលីគអង់គ្លេស Liverpool បន្តរកបាន ៣ពិន្ទុជាលើកទី៥ ជាប់ៗគ្នា ក្រោយយកឈ្នះស្ករគ្រាប់ Everton ២-១ យប់មិញនៅក្របខណ្ឌ Premier League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

តាមរយៈ ៣ពិន្ទុ ក្នុងប្រកួតទី៥ ជើងទី១ នៅកីឡដ្ឋាន Anfield នោះដែរ បានញាំងឱ្យហង្សក្រហមរបស់លោក Arne Slot រកបាន ១៥ពិន្ទុពេញ នាំមុខកំពូលតារាងដាច់ ៥ពិន្ទុពីក្រុមលេខ២ Tottenham Hotspur។
ក្នុងប្រកួត ៩០នាទីពេញកាលពីរាត្រីថ្ងៃសៅរ៍នោះដែរ អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ នៅតែបន្តទុកសមាជិកថ្មី Florian Wirtz និង Alexander Isak បូកបញ្ចូលគ្នាមានតម្លៃ ២៤១លានផោនឱ្យអង្គុយនៅកៅអីបម្រុងដដែល ក្នុងជំនួបទល់នឹងក្រុមស្ករគ្រាប់ ដែលមានទីតាំងស្ថិតនៅទីក្រុង Liverpool ជាមួយគ្នា។
កីឡាករ Ryan Gravenberch ជាអ្នករកបានគ្រាប់បែកពងមាន់ឱ្យ Liverpool ត្រឹមនាទីទី១០ ពីការបញ្ជូនរបស់ខ្សែប្រយុទ្ធ Mohamed Salah មុនពេល Gravenberch បានបោះបាល់ឱ្យ Hugo Ekitike សម្រេចគ្រាប់ទី២ នៅ ១៩នាទីបន្ទាប់។
ទោះជាយ៉ាងណា Idrissa Gueye គឺជាអ្នករកបានតែ ១គ្រាប់សម្រាប់ក្រុមភ្ញៀវ Everton ស្ថិតក្រោមការដឹកនាំដោយ លោក David Moyes មុនពេលត្រឡប់ទៅផ្ទះវិញ ដែលជាការបរាជ័យលើកទី២ របស់ពួកគេ ក្រៅពីធ្លាប់ឈ្នះ ២លើក និងស្មើ ១លើកមកនោះ៕