FIFA លក់សំបុត្រ World Cup 2026 បានជាង ៤.៥លានដុល្លារ ត្រឹមរយៈពេល ១០ថ្ងៃប៉ុណ្ណោះ
21-09-2025 10:48
(បរទេស)៖ សហព័ន្ធអន្តរជាតិ FIFA បានប្រកាសថា នឹងបើកលក់សំបុត្រទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ជាលើកទី២ ទៀត ក្រោយរកចំណូលបានប្រមាណជាង ៤.៥លានដុល្លារពីការលក់សំបុត្រ ត្រឹមរយៈពេល ១០ថ្ងៃកន្លងមកនេះ។

បើយោងតាមការចេញផ្សាយនៅលើគេហទំព័រកីឡា BOLAVIP បានឱ្យដឹងថា ត្រឹមរយៈពេល ១០ថ្ងៃប៉ុណ្ណោះ បណ្តាអ្នកគាំទ្រមកពី ២១៦ប្រទេសបានចូលរួមកក់ និងទិញសំបុត្រ World Cup លើកទី២៣ នាឆ្នាំក្រោយនេះនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា ដែលត្រូវបានប្រកាសដោយ FIFA កាលពីថ្ងៃសុក្រ ជាមួយនឹងផែនការបើកលក់បន្ទាប់ទៀតដែរ។
សហព័ន្ធសាម៉ីមួយនេះ ក៏បានបញ្ជាក់ពីការទិញបានជោគជ័យតាមរយៈអ៉ីម៉ែលដែលចាប់ដំណើរការតាំងពីថ្ងៃចន្ទ ទី០១ ខែកញ្ញាមកម្ល៉េះ មុនពេលមានការដាក់លក់នៅតាមបញ្ជរនានាចាប់ពីថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥ តទៅ។
ជាមួយនឹងការទិញសំបុត្រ WC26 ដែលមានដល់ទៅ ១០៤ប្រកួតសរុបពីចំនួន ៤៨ក្រុម (ប្រទេស) អ្នកគាំទ្រអាចទិញជាសំបុត្រលក្ខណៈដាច់ដោយឡែក លក្ខណៈក្រុម (គ្រួសារ) ប្រកួតសរុបក្នុងពូលណាមួយបានទាំងអស់ តាំងពីមុនចាប់ពូលផ្លូវការនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងតម្លៃចាប់ពី ៦០ (កៅអីធម្មតា) ដល់ ៦,៧៣០ដុល្លារ សម្រាប់កៅអី premium៕