OpenAI អាចនឹងបញ្ចេញវ៉ែនតាឆ្លាតវៃ ChatGPT នាពេលឆាប់ៗនេះ

22-09-2025 07:51

(បរទេស)៖ យោងតាមប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា ក្រុមហ៊ុន OpenAI កំពុងពិចារណាលើការផលិតវ៉ែនតាឆ្លាតវៃ (smart glasses) ដែលបំពាក់ដោយបច្ចេកវិទ្យា ChatGPT ផ្ទាល់ខ្លួនរបស់ខ្លួន។ ការផ្លាស់ប្តូរទិសដៅនេះ កើតឡើងក្រោយពីក្រុមហ៊ុនបានចាប់ដៃគូជាមួយលោក Jony Ive ដែលជាអតីតប្រធានអ្នករចនានៅក្រុមហ៊ុន Apple។

របាយការណ៍បានលើកឡើងថា ទោះបីជានាយកប្រតិបត្តិ លោក Sam Altman ធ្លាប់បានបដិសេធលើការផលិតវ៉ែនតាឆ្លាតវៃក៏ដោយ ក៏មានសញ្ញាបង្ហាញថា OpenAI កំពុងបោះជំហានចូលក្នុងទីផ្សារឧបករណ៍ hardware។ ក្រុមហ៊ុនបានទិញយកក្រុមហ៊ុនបច្ចេកវិទ្យា hardware របស់លោក Jony Ive ហើយបានសហការជាមួយស្ទូឌីយោរចនារបស់គាត់ឈ្មោះ LoveFrom។ លើសពីនេះ ក្រុមហ៊ុន OpenAI ក៏ត្រូវបានគេរាយការណ៍ថា កំពុងជ្រើសរើសបុគ្គលិកផ្នែករចនា ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពីក្រុមហ៊ុន Apple ផងដែរ។

ក្រៅពីវ៉ែនតាឆ្លាតវៃ ប្រភពដដែលបានបញ្ជាក់ថា OpenAI ក៏កំពុងពិចារណាលើឧបករណ៍ hardware ផ្សេងទៀតដូចជា ឧបករណ៍ pocket-sized , ឧបករណ៍បំពងសំឡេងឆ្លាតវៃ (smart speaker) កាមេរ៉ាថតសំឡេងឌីជីថល (digital voice recorder) និង ឧបករណ៍ wearable pin ជាដើម។

ទោះជាយ៉ាងណា របាយការណ៍បានបន្ថែមថា ប្រសិនបើគម្រោងផលិតវ៉ែនតានេះត្រូវបានអនុម័ត ការដាក់បង្ហាញផលិតផលនេះអាចនឹងត្រូវចំណាយពេលជាច្រើនឆ្នាំទៀត ពោលគឺអាចកើតឡើងនៅចុងឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧។ អ្នកជំនាញបានចង្អុលបង្ហាញថា ប្រសិនបើ OpenAI ពន្យារពេលយូរពេកដើម្បីចូលទីផ្សារនេះ ក្រុមហ៊ុនអាចនឹងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនធំៗដូចជា Meta, Google និង Apple ដែលបានបោះជំហានចូលក្នុងទីផ្សារនេះរួចហើយ៕