បែកធ្លាយ! Samsung ត្រៀមបញ្ចេញស្មាតហ្វូន បត់ ៣ តង់ តម្លៃ ៣០០០ ដុល្លារ

22-09-2025 10:59

(បរទេស)៖ យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN Business បានឱ្យដឹងថា ក្រុមហ៊ុន Samsung អាចនឹងនាំយកទូរស័ព្ទបត់ ៣ តង់ (tri-fold) របស់ខ្លួន មកកាន់ទីផ្សារសហរដ្ឋអាមេរិក។ ប្រសិនបើពិតដូចការលើកឡើងនោះ Samsung នឹងក្លាយជាក្រុមហ៊ុនទីមួយដែលបាននាំយកស្មាតហ្វូនប្រភេទនេះ មកលក់នៅក្នុងទីផ្សារអាមេរិក។

កន្លងមក គេធ្លាប់មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Samsung បត់ ៣ តង់នេះនឹងដាក់លក់តែនៅក្នុងប្រទេសកូរ៉េខាងត្បូង និងចិនប៉ុណ្ណោះ ប៉ុន្តែសេចក្ដីរាយការណ៍ថ្មីៗនេះបានបង្ហាញពីស្ថានភាពផ្ទុយស្រឡះ។ ស្មាតហ្វូន Samsung ដែលគេលេចឭថា មានឈ្មោះ Galaxy TriFold នេះ ត្រូវបានគេរំពឹងថាអាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខ ហើយអាចមានតម្លៃប្រមាណ ៣០០០ ដុល្លារ ប្រសិនបើដាក់លក់នៅអាមេរិក។

បច្ចុប្បន្ន ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនតែមួយគត់ដែលកំពុងតែលក់ទូរស័ព្ទបត់ ៣ តង់ ដល់អតិថិជន ដូចជាម៉ូដែល Mate XT និង Mate XTs ជាដើម ប៉ុន្តែមានតែនៅក្នុងទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ យ៉ាងណាមិញ ម៉ូដែលដែលនឹងមកដល់របស់ Samsung វិញ ត្រូវបានគេអះអាងថា មានយន្តការបត់ខុសពីរបស់ក្រុមហ៊ុន Huawei ៕