Nvidia វិនិយោគ ១០០ ពាន់លានដុល្លារ លើ OpenAI ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ
23-09-2025 08:24
(បរទេស)៖ ក្រុមហ៊ុនយក្សផ្នែកបន្ទះឈីប Nvidia និងក្រុមហ៊ុន OpenAI ដែលជាម្ចាស់កម្មវិធី ChatGPT បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រដ៏ធំមួយ ដោយ Nvidia វិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១០០ ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍ AI របស់ OpenAI។ កិច្ចព្រមព្រៀងដ៏គួរឱ្យកត់សម្គាល់នេះ នឹងជួយពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដ៏ទំនើបបំផុតក្នុងប្រវត្តិសាស្ត្រ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ កិច្ចសហការនេះផ្តោតសំខាន់លើការដាក់ពង្រាយប្រព័ន្ធ AI របស់ Nvidia យ៉ាងហោចណាស់ ១០ ជីហ្គាវ៉ាត់ (gigawatts) សម្រាប់ក្រុមហ៊ុន OpenAI ។ ប្រព័ន្ធនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបណ្តុះបណ្តាល និងដំណើរការ AI models ជំនាន់ក្រោយរបស់ OpenAI ។
ក្រុមហ៊ុន Nvidia នឹងធ្វើការវិនិយោគទឹកប្រាក់រហូតដល់ ១០០ ពាន់លានដុល្លារ ទៅតាមដំណាក់កាលនីមួយៗនៃការដាក់ពង្រាយប្រព័ន្ធរបស់ខ្លួន។ រាល់ការដាក់ពង្រាយប្រព័ន្ធទំហំ ១ ជីហ្គាវ៉ាត់ OpenAI នឹងទទួលបានការវិនិយោគមួយចំណែក ដោយដំណាក់កាលដំបូងនៃការដាក់ពង្រាយប្រព័ន្ធទំហំ ១ ជីហ្គាវ៉ាត់ គ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៦ ដោយប្រើប្រាស់នូវវេទិកា Vera Rubin ជំនាន់ក្រោយរបស់ Nvidia ។
លោក Sam Altman នាយកប្រតិបត្តិរបស់ OpenAI បានថ្លែងថា «អ្វីៗទាំងអស់ចាប់ផ្តើមពីសមត្ថភាពកំព្យូទ័រ»។ លោកបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធកំព្យូទ័រនឹងក្លាយជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចនាពេលអនាគត។
សម្រាប់ក្រុមហ៊ុន Nvidia ភាពជាដៃគូនេះបានពង្រឹងតំណែងរបស់ខ្លួនក្នុងនាមជាអ្នកផ្គត់ផ្គង់បន្ទះឈីបនាំមុខគេសម្រាប់វិស័យ AI ។ ចំណែកឯ OpenAI វិញ នឹងទទួលបានទាំងមូលនិធិ និងលទ្ធភាពចូលប្រើប្រាស់សមត្ថភាពកុំព្យូទ័រដ៏សម្បើម ដែលចាំបាច់ដើម្បីរក្សាភាពប្រកួតប្រជែងរបស់ខ្លួន។
កិច្ចព្រមព្រៀងនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Nvidia ក្នុងការក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ OpenAI ដែលជាកត្តាដ៏ចាំបាច់ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទូទៅ (Artificial General Intelligence) ដែលមានប្រយោជន៍ដល់មនុស្សជាតិទាំងអស់៕