Real នាំមុខកំពូលតារាង La Liga ដាច់ ៥ពិន្ទុពី Barcelona ក្រោយឈ្នះម្ចាស់ផ្ទះ Levante ៤-១

24-09-2025 10:27

(បរទេស)៖ ក្រុមរងជើងឯក La Liga រដូវកាលមុន Real Madrid បានបន្តឈរទីកំពូលតារាងលីគអេស្ប៉ាញដ៏រឹងមាំ ក្រោយបន្តឈ្នះម្ចាស់ផ្ទះ Levante ៤ទល់នឹង១ យប់មិញ។ វាជាជ័យជម្នះលើកទី៦ ជាប់ៗគ្នាផងដែរសម្រាប់ពួកគេ និងដាច់ ៥ពិន្ទុទៀតផងពីក្រុមលេខ២ FC Barcelona។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា ក្រុមការពារតំណែងជើងឯក Barcelona អាចកាត់បន្ថយគំលាតនាំមុខរបស់ក្រុមលោក Xabi Alonso មកនៅត្រឹម ២ពិន្ទុវិញ ប្រសិនបើកូនក្រុមរបស់លោក Hansi Flick អាចយកបាន ៣ពិន្ទុពីម្ចាស់ផ្ទះ Oviedo នៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍។

ក្នុងជំនួបក្រៅដីសម្រាប់ជើងទី១ នោះដែរ ខ្សែប្រយុទ្ធបារាំង Kylian Mbappe រកបាន ២គ្រាប់ម្នាក់ឯង មានរយៈពេលត្រឹមតែ ២នាទីប៉ុណ្ណោះ ពោលគឺនៅនាទី៦៤ ដោយបាល់ប៉េណាល់ទី និងនៅនាទី៦៦ ក្នុងនាមជា Top scorer ក្នុងលីគ La Liga របស់ក្លឹប Real Madrid នារដូវកាល ២០២៤-២៥ មកដែរ។

តាមរយៈជ័យជម្នះ ៦ប្រកួតជាប់ៗគ្នានាដើមរដូវកាលថ្មី បានញាំងឱ្យលោក Alonso ក្លាយជាអ្នកចាត់ការទូទៅទី២ របស់ Real ដែលធ្វើបានលទ្ធផលនេះក្នុងរដូវកាលដំបូង និងតាមទាន់កំណត់ត្រារបស់លោក Vanderlei Luxemburgo ដែលដឹកនាំឈ្នះ ៧ប្រកួតជាប់ៗគ្នានាអំឡុងឆ្នាំ២០០៥ នៅពេល Real ពើបប្រទះនឹង Atletico Madrid នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕