Shopee Cup៖ ព្រះខ័នរាជស្វាយរៀង បន្ដចេញទៅប្រកួតក្រៅដី ទល់នឹងក្រុម Nam Dinh របស់វៀតណាម ថ្ងៃស្អែក

24-09-2025 10:30

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ដើម្បីត្រៀមជួបតតាំងជាមួយក្រុមម្ចាស់ផ្ទះ Nam Dinh នាវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្អែក នៅកីឡដ្ឋាន Thien Truong ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។

នេះគឺជាការប្រកួតទី២ ក្នុងពូលB ក៏ដូចជាការប្រកួតក្រៅដី របស់ក្រុមជើងឯកលីគកំពូលកម្ពុជា បន្ទាប់ពីប្រកួតដំបូង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Shan United របស់ប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ ។ ដូច្នេះចាំមើលតើការប្រកួតទល់នឹងក្រុមខ្លាំងវៀតណាម Nam Dinh ស្អែកនេះ ក្រុមរបស់លោក Mattew Mcconkey អាចដណ្ដើម ៣ពិន្ទុមកផ្ទះវិញបានដែលឬក៏យ៉ាងណា?

គួរដឹងថា បន្ទាប់ពីជួបក្រុមវៀតណាមខាងលើ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕