ISI បង្ហើបគម្រោងពង្រីកកន្លែងអង្គុយ តែអាស្រ័យលើលទ្ធផល និងការគាំទ្រជាក់ស្ដែង
24-09-2025 10:33
(ភ្នំពេញ)៖ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានបង្ហើបគម្រោងពង្រីកកន្លែងអង្គុយបន្ថែម នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេច ផាក របស់ខ្លួន កំឡុង ៣ ទៅ ៤ឆ្នាំទៀត អាស្រ័យលើលទ្ធផល និងការគាំទ្រជាក់ស្ដែងរបស់ទស្សនិកជន។

ការគូសបញ្ជាក់នេះ ស្របពេលក្លិបបានចុះហត្ថលេខាបន្តលើភាពសហការជាដៃគូឧបត្ថម្ភជាមួយក្រុមហ៊ុន ISI E&C សម្រាប់រដូវកាលថ្មី ២០២៥/២០២៦ កាលពីថ្មីៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍ ក៏ដូចជាការឧបត្ថម្ភគាំទ្រ ស្របតាមទិសដៅដ៏យូរអង្វែងរបស់ក្លិប ក្នុងការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងទីលានប្រកួត និងកន្លងទៅហ្វឹកហាត់ជាដើម។
ប្រធានក្លិបខាងលើបន្ដថា ជាច្រើនឆ្នាំមកដែលក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះ បានចូលរួមសហការឧបត្ថម្ភលើការសាងសង់ និងរៀបចំកីឡដ្ឋាន ក៏ដូចជាកំពុងដំណើរសាងសង់ទីលានហ្វឹកហាត់។ ដោយឈរលើកិច្ចសហការយូរអង្វែង ចំពោះមុខក្លិបក៏មានគម្រោងពង្រីកកន្លែងអង្គុយថ្មីនៅកីឡដ្ឋានរបស់ខ្លួនផងដែរ ប៉ុន្ដែរង់ចាំមើលលទ្ធផល និងការគាំទ្ររបស់អ្នកគាំទ្រសិន ដ្បិតការចាប់ផ្ដើមរដូវកាលថ្មី ក្លិបធ្វើមិនទាន់បានល្អប្រសើរនៅឡើយ។
លោក កាំង សេន ថា «ពិតប្រាកដណាស់ ប្រសិនបើយើងមានការពង្រីកទីលានរបស់យើង ក៏ដូចជាអ្វីដែលកំពុងសាងសង់ទីលានហ្វឹកហាត់ សុទ្ធតែឌីហ្សាញ និងសាងសង់ដោយ ISI E&C ។ អ៊ីចឹងសង្ឃឹមថា ៣ ឬ ៤ឆ្នាំទៀត ប្រសិនបើយើងមានប្រជាប្រិយភាពច្រើន អ្នកគាំទ្រមកទស្សនាពេញកីឡដ្ឋាន យើងអាចពង្រីកកន្លែងអង្គុយ ២ផ្នែកបន្ថែមទៀត ។ នេះគឺជាចក្ខុវិស័យយូរអង្វែង អាស្រ័យលើលទ្ធផលជាក់ស្ដែង មានន័យថា ទទួលបានលទ្ធផលល្អ មានប្រជាប្រិយ និងមានគាំទ្រច្រើន ទីផ្សារបាល់ទាត់យើងធំ ពេលហ្នឹងនឹងអាចសាងសង់បន្ថែម»។
គួរដឹងថា ទោះបីការចាប់ផ្ដើមរដូវកាល ឆ្នាំ២០២៥/២៦ ក្លិបរហស្សនាមដំរីជ័យតំបន់វេងស្រេង ធ្វើមិនទាន់បានល្អ តែក្លិបក្មេងខ្ចី ដែលមានកូនខ្មែរជាប្រធានក្លិបផង និងជាកីឡាករផងនេះ នៅតែទទួលបានទំនុកចិត្តពីដៃគូសហការរបស់ខ្លួន ដោយឈរលើចក្ខុវិស័យស្រដៀងគ្នា ក្នុងការពួតដៃគ្នាអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ឆ្ពោះទៅរកការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើឆាកជាតិ និងអន្ដរជាតិនាថ្ងៃអនាគត៕