OpenAI, Oracle និង SoftBank បោះទុន ៥០០ ពាន់លានដុល្លារ ក្នុងគម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI យក្ស
24-09-2025 12:27
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស OpenAI, Oracle និង SoftBank បានប្រកាសពីគម្រោងដ៏ធំមួយក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) ចំនួន ៥ កន្លែងក្នុងសហរដ្ឋអាមេរិក។ គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលមានឈ្មោះថា Stargate ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា AI។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

គម្រោងនេះ ទទួលបានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក Donald Trump ហើយត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីរហូតដល់ ២៥,០០០ កន្លែង។ យោងតាមក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT បានឱ្យដឹងថាខ្លួននឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន ៣ កន្លែងរួមជាមួយក្រុមហ៊ុន Oracle នៅរដ្ឋ Texas និង New Mexico ក៏ដូចជាទីតាំងមួយទៀតនៅតំបន់ភាគកណ្តាលនៃសហរដ្ឋអាមេរិក។ ចំណែកឯ ២ កន្លែងទៀត នឹងត្រូវសាងសង់ដោយ OpenAI និង SoftBank នៅរដ្ឋ Ohio និង Texas។
នៅពេលបញ្ចប់ គម្រោង Stargate នឹងមានសមត្ថភាពទិន្នន័យសរុបជិត ៧ ជីហ្គាវ៉ាត់ ជាមួយនឹងការវិនិយោគសរុបជាង ៤០០ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានលើកឡើងថា៖ «AI អាចសម្រេចបាននូវក្តីសង្ឃឹមរបស់ខ្លួន លុះត្រាតែយើងកសាងកុំព្យូទ័រដើម្បីដំណើរការវា»។
គួរជម្រាបថា ការប្រកាសនេះធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុន Nvidia បានប្រកាសពីផែនការវិនិយោគរហូតដល់ ១០០ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន OpenAI និងផ្គត់ផ្គង់បន្ទះឈីបសម្រាប់គម្រោងនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា OpenAI និង Microsoft កំពុងបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ដើម្បីជំរុញសេវាកម្ម AI ជំនាន់ថ្មីដូចជា ChatGPT និង Copilot។ បច្ចេកវិទ្យា AI បានក្លាយជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាលអាមេរិក ដោយសារតួនាទីសំខាន់របស់វានៅក្នុងវិស័យការពារជាតិ និងការប្រកួតប្រជែងជាមួយប្រទេសចិន៕