Alibaba បោះជំហានធំលើឆាកអន្តរជាតិ ប្រកាសបើកមជ្ឈមណ្ឌលទិន្នន័យថ្មីៗ និងបង្ហាញម៉ូដែល AI ដ៏មានឥទ្ធិពលបំផុត

24-09-2025 15:19

(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សរបស់ចិន Alibaba បានប្រកាសពីផែនការពង្រីកខ្លួនទៅកាន់ឆាកអន្តរជាតិ ដោយមានបំណងបើកមជ្ឈមណ្ឌលទិន្នន័យដំបូងគេរបស់ខ្លួននៅប្រទេសប្រេស៊ីល បារាំង និងហូឡង់។ ការពង្រីកនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសកលរបស់ក្រុមហ៊ុនក្នុងការជំរុញវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានចាត់ទុកជាអាទិភាពអាជីវកម្មស្នូលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤​ ​ខែកញ្ញា ឆ្នាំ២០២៥។

លើសពីនេះ ក្រុមហ៊ុន Alibaba ក៏គ្រោងនឹងពង្រីកទីតាំងបន្ថែមទៀតនៅប្រទេស ម៉ិកស៊ិក ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និង ឌូបៃ ក្នុងរយៈពេលមួយឆ្នាំខាងមុខផងដែរ។ ការវិនិយោគនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីផែនការចំណាយ ៣៨០ ពាន់លានយន់ (ប្រហែល ៥៣.៤០ ពាន់លានដុល្លារ) លើហេដ្ឋារចនាសម្ព័ន្ធ AI ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត។

ក្នុងសន្និសីទប្រចាំឆ្នាំ Apsara Conference នាយកប្រតិបត្តិក្រុមហ៊ុន លោក Eddie Wu បានថ្លែងថា៖ «ល្បឿននៃការអភិវឌ្ឍន៍ឧស្សាហកម្ម AI បានលើសពីការរំពឹងទុករបស់យើងឆ្ងាយណាស់ ហើយតម្រូវការរបស់ឧស្សាហកម្មចំពោះហេដ្ឋារចនាសម្ព័ន្ធ AI ក៏បានលើសពីការរំពឹងទុករបស់យើងឆ្ងាយណាស់ដែរ»

គួរជម្រាបថា ទន្ទឹមនឹងការប្រកាសពីផែនការពង្រីកនេះ ក្រុមហ៊ុន Alibaba ក៏បានបង្ហាញនូវសមិទ្ធផលថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ នោះគឺម៉ូដែលភាសា AI ដ៏ធំបំផុតរបស់ខ្លួន Qwen3-Max ដែលមាន ១ ទ្រីលានប៉ារ៉ាម៉ែត្រ។ ម៉ូដែលនេះមានសមត្ថភាពពិសេសក្នុងការបង្កើតកូដ និងដំណើរការដោយខ្លួនឯង ដោយមិនសូវត្រូវការការណែនាំពីមនុស្សច្រើនឡើយ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីភាពជាដៃគូជាមួយក្រុមហ៊ុន Nvidia ដើម្បីអភិវឌ្ឍសមត្ថភាព AI ផ្សេងៗទៀតផងដែរ៕