ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចុះហត្ថលេខា​សម្រេចទាក់ទងនឹង TikTok នៅថ្ងៃព្រហស្បតិ៍នេះ

25-09-2025 08:22

(បរទស)៖​ ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខា​លើការប្រតិបត្តិទាក់ទងនឹង TikTok នៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងប្រកាសថា កិច្ចព្រមព្រៀងលក់ដេីម្បីផ្ទេរកម្មសិទ្ធិអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ចេញពីក្រុមហ៊ុន ByteDance របស់ចិន បានបំពេញតាមលក្ខខណ្ឌនៃច្បាប់ឆ្នាំ២០២៤។

ច្បាប់ឆ្នាំ២០២៤នេះ កំណត់ឱ្យ TikTok ត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក​ ឬអាចបន្តដំណេីរការបាន លុះត្រាតែការកាន់កាប់ពីចិនត្រូវបានកាត់ផ្តាច់ទាំងស្រុង។​ បម្រាមប្រតិបត្តិរបស់ត្រាំ ត្រូវបានគេរំពឹងថា នឹងពន្យារពេលកំណត់សម្រាប់ការអនុវត្ត ដើម្បីឱ្យមានពេលវេលាក្នុងការបញ្ចប់កិច្ចព្រមព្រៀង និងធានាថាឆ្លើយតបទៅតាមលក្ខណៈច្បាប់ និងសុវត្ថិភាពជាតិ។​

តាមរចនាសម្ព័ន្ធកិច្ចព្រមព្រៀងថ្មី អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក នឹងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកវិនិយោគអាមេរិក (ដូចជា Oracle និង Silver Lake) ខណៈក្រុមហ៊ុន ByteDance នឹងកាន់ភាគហ៊ុនតិចជាង ២០% និងមានសិទ្ធិបំពេញមុខងារក្នុងក្រុមប្រឹក្សាភិបាលកម្រិតមានកំណត់៕