Mark Zuckerberg ប្រកាសថា Instagram មានអ្នកប្រើប្រាស់ ៣ ពាន់លាននាក់ហើយ

25-09-2025 09:01

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសនៅថ្ងៃពុធនេះថា Instagram ឥឡូវនេះមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ៣ ពាន់លាននាក់។

លោក Zuckerberg បានបង្ហោះសារនៅលើបណ្តាញ Instagram ផ្ទាល់ខ្លួនរបស់លោកថា «ពិតជាសហគមន៍ដ៏អស្ចារ្យដែលយើងបានកសាងឡើង»

តួលេខនេះជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់កម្មវិធីចែករំលែករូបថតនេះ ដែលក្រុមហ៊ុន Meta បានទិញយកក្នុងឆ្នាំ ២០១២ ក្នុងតម្លៃ ១ ពាន់លានដុល្លារ។ ក្រុមហ៊ុន Meta បានបញ្ចេញតួលេខអ្នកប្រើប្រាស់ Instagram ចុងក្រោយក្នុងខែតុលា ឆ្នាំ ២០២២ ដែលពេលនោះលោក Zuckerberg បាននិយាយក្នុងកិច្ចប្រជុំរបាយការណ៍ប្រាក់ចំណូលថា កម្មវិធីនេះបានឆ្លងផុតអ្នកប្រើប្រាស់ប្រចាំខែ ២ ពាន់លាននាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Meta បានប្រកាសកាលពីខែមេសា ឆ្នាំ ២០២៤ ថា ខ្លួននឹងមិនបន្តបញ្ចេញតួលេខអ្នកប្រើប្រាស់សកម្មប្រចាំខែ និងប្រចាំថ្ងៃសម្រាប់ Facebook និងកម្មវិធីដទៃទៀតរបស់ខ្លួនទៀតទេ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Meta បានរាយការណ៍ជារៀងរាល់ត្រីមាសអំពីចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ក្រុមកម្មវិធីរបស់ខ្លួន។ តួលេខនោះបានកើនដល់ ៣,៤៨ ពាន់លាននាក់ កាលពីខែកក្កដា ដែលលើសពីការប៉ាន់ស្មានរបស់អ្នកវិភាគចំនួន ៣,៤៥ ពាន់លាននាក់។

ជាមួយនឹងអ្នកប្រើប្រាស់ប្រចាំខែចំនួន ៣ ពាន់លាននាក់ Instagram ចូលរួមក្នុងលំដាប់នៃវេទិកា Facebook និង WhatsApp។ កាលពីខែមករា លោក Zuckerberg បាននិយាយថា កម្មវិធី Facebook «ត្រូវបានប្រើប្រាស់ដោយអ្នកសកម្មប្រចាំខែជាង ៣ ពាន់លាននាក់» ហើយនៅក្នុងខែមេសា លោកបានប្រាប់អ្នកវិភាគថា WhatsApp ក៏មាន «អ្នកសកម្មប្រចាំខែជាង ៣ ពាន់លាននាក់» ផងដែរ។

អ្នកជំនាញផ្នែកបច្ចេកវិទ្យាបានលើកឡើងថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Instagram ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដោយសារការផ្តោតលើមុខងារ Reels (វីដេអូខ្លីៗ) ដែលជាការប្រកួតប្រជែងផ្ទាល់ជាមួយ TikTok។ ក្រុមហ៊ុនក៏បានណែនាំកម្មវិធី Instagram សម្រាប់ iPad ថ្មីៗនេះផងដែរ ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចមើលវីដេអូ Reels លើអេក្រង់ធំជាងមុនបានយ៉ាងងាយស្រួល៕