គ្រូព្រះខ័នរាជ បង្ហើបចំណុចត្រូវប្រយ័ត្ន មុនប៉ះ Nam Dinh ក្នុងពានជើងឯកក្លិបអាស៊ីអាគ្នេយ៍ យប់នេះ

25-09-2025 09:49

(ភ្នំពេញ)៖ លោក Mattew Mcconkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមខ្លាំងវៀតណាម Nam Dinh នាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញានេះ នៅកីឡដ្ឋាន Thien Truong ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។ ជាមួយគ្នា លោកក៏បានបង្ហើបពីចំណុចខ្លាំងរបស់គូប្រជែង ដែលត្រូវប្រុងប្រយ័ត្នផងដែរ គឺបាល់ Set Piece ។

ក្នុងសន្និសីទមុនការប្រកួតកាលពីល្ងាចថ្ងៃពុធកន្លងទៅ លោក Mcconkey បានគូសបញ្ជាក់ថា Nam Dinh ជាក្រុមសម្បូរដោយកីឡាករល្អ តែព្រះខ័នរាជស្វាយរៀង ក៏ដូចគ្នា ដែលធ្វើឲ្យលោករំពឹងថា នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងល្អមើលសម្រាប់អ្នកគាំទ្រ។ តែអ្វីដែលលោកបារម្ភចំពោះការលេងបាល់ Set Piece ក៏ព្រោះកីឡាករក្រុមម្ចាស់ផ្ទះរបស់វៀតណាមនេះ មានកាយសម្បទាធំ ផ្ទុយពីកូនក្រុមរបស់ខ្លួន ដែលមានកីឡាករខ្លះ មិនសូវមានកាយសម្បទាអំណោយផល។

លោកថា «ការប្រកួតរបស់ពួកគេ(Nam Dinh) នៅ AFC និងពានរង្វាន់ក្នុងស្រុក គឺខុសគ្នា ពីព្រោះពួកគេមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ។ កីឡាករវៀតណាមរបស់គេ ក៏មានកម្រិតល្អ មើលទៅខ្លាំង និងមានចលនាលឿនផងដែរ ។ ការប្រកួតចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម Rachaburi កីឡាកររបស់គេមានកាយសម្បទាល្អ និងមានមាឌធំៗ។ អ្វីដែលយើងត្រូវប្រយ័ត្ន គឺបាល់ Set Piece របស់ពួកគេ ។ យើងមានបទពិសោធន៍ក្នុងពានរង្វាន់អន្ដរជាតិ ទោះបីកីឡាករយើងខ្លះមានកាយសម្បទាមិនសូវល្អ តែយ៉ាងណាយើងនៅតែខំប្រឹង និងព្យាយាមគ្រប់យ៉ាង នៅក្នុងការប្រកួតនេះ»

ទន្ទឹមជាមួយគ្នាដែរ លោក Vu Hong Viet គ្រូបង្វឹកក្រុម Nam Dinh ក៏ហាក់មានការបារម្ភចំពោះក្រុមជើងឯកលីគកំពូលកម្ពុជានេះផងដែរ ដ្បិតលោកចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ល្អមួយ ដែលមានកីឡាករបរទេសមានគុណភាពជាច្រើន ពិសេសខ្សែប្រយុទ្ធខាងលើទាំងពីរ។ ដូច្នេះច្បាស់ណាស់ វាមិនមែនជាការប្រកួតងាយស្រួលសម្រាប់ក្រុមខ្លួនឡើយ។ បែបនេះក្ដី លោកជឿជាក់ថា ក្រុមរបស់ខ្លួនបានត្រៀមរួចរាល់ ជាមួយគោលដៅដណ្ដើម ៣ពិន្ទុឲ្យបានពីការប្រកួតដំបូងរបស់ខ្លួន ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់នាយប់នេះ។

គួរដឹងថា នេះគឺជាការប្រកួតទី២ របស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2025/26 បន្ទាប់ពីប្រកួតដំបូង ដែលជាការប្រកួតក្រៅដីដូចគ្នា គឺបានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ ។ បន្ទាប់ពីជួប Nam Dinh រួច ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕