BYD ប្រកាសថា ខ្លួនមាន «ផែនការសម្ងាត់ B» រួចជាស្រេច ប្រសិនបើត្រូវកាត់ផ្ដាច់ពីបន្ទះឈីប Nvidia
25-09-2025 12:13
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានប្រកាសថា ខ្លួនមានផែនការត្រៀមបម្រុងទុកមួយ ប្រសិនបើត្រូវបាត់បង់សិទ្ធិប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Nvidia ដែលខ្លួនកំពុងប្រើប្រាស់នៅក្នុងរថយន្តរបស់ខ្លួននាពេលបច្ចុប្បន្ន។

អ្នកនាង Stella Li អនុប្រធានប្រតិបត្តិក្រុមហ៊ុន BYD បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនមិនទាន់ទទួលបានសេចក្ដីណែនាំណាមួយពីរដ្ឋាភិបាលចិនឱ្យបញ្ឈប់ការប្រើប្រាស់បន្ទះឈីប Nvidia នោះទេ ប៉ុន្តែប្រសិនបើមានការណែនាំបែបនេះមែន ក្រុមហ៊ុនមាន «ផែនការ B» រួចជាស្រេច។
អ្នកនាង Li បានថ្លែងថា៖ «អ្នកណាក៏មានផែនការបម្រុងដែរ។ BYD ក៏មានការបម្រុងដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាង Li បានបដិសេធមិនលម្អិតពីខ្លឹមសារនៃផែនការនេះទេ ប៉ុន្តែបានលើកឡើងពីបទពិសោធន៍កាលពីអំឡុងពេលជំងឺកូវីដ-១៩ ដែលពិភពលោកជួបប្រទះនូវកង្វះខាតបន្ទះឈីបសកល ដែលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យយានយន្ត។ អ្នកនាងបានបញ្ជាក់ថា ក្រុមហ៊ុន BYD មិនមាន «បញ្ហាអ្វីទេ» នៅពេលនោះ ដោយសារតែខ្លួនបានបង្កើតបច្ចេកវិទ្យាជាច្រើនដោយខ្លួនឯង (in-house) ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចរកដំណោះស្រាយជំនួសបានយ៉ាងឆាប់រហ័ស។
អ្នកនាង Li បានបន្ថែមថា៖ «យើងមានបច្ចេកវិទ្យាខ្លាំង... ស៊ីជម្រៅនៅក្នុងក្រុមហ៊ុន ដូច្នេះហើយយើងតែងតែមានការត្រៀមបម្រុង»។
ការលើកឡើងរបស់អ្នកនាង Li នេះគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់ BYD ដែលតែងតែខិតខំគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំរបស់ខ្លួន ចាប់តាំងពីការផលិតរថយន្តដោយខ្លួនឯង រហូតដល់ការអភិវឌ្ឍន៍អាគុយ (ថ្ម) រថយន្ត។
អ្នកនាងបានពន្យល់ពីបទពិសោធន៍ក្នុងពេលកង្វះបន្ទះឈីបថា ក្រុមហ៊ុនដទៃត្រូវការពេលកន្លះឆ្នាំទៅមួយឆ្នាំដើម្បីផ្លាស់ប្ដូរអ្នកផ្គត់ផ្គង់ ប៉ុន្តែ BYD អាច «ផ្លាស់ប្ដូរដំណោះស្រាយផ្សេងទៀតបានយ៉ាងលឿនក្នុងរយៈពេលមួយឬពីរ សប្ដាហ៍» ដោយសារបច្ចេកវិទ្យាផ្ទាល់ខ្លួន។ សម្រាប់ការប្រើប្រាស់បន្ទះឈីបបម្រុង អ្នកនាងជឿជាក់ថា មុខងារសំខាន់ៗដែលអតិថិជនមានអារម្មណ៍ (customer feeling like feature) «៩០% នឹងមិនផ្លាស់ប្ដូរ» ឡើយ។
ក្រុមហ៊ុន Nvidia ដែលបន្ទះឈីបរបស់ខ្លួនគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ទូទាំងពិភពលោក កំពុងជាប់នៅក្នុងជម្លោះបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិកនិងចិន។ ឧទាហរណ៍ បន្ទះឈីប AI ម៉ូដែល H20 របស់ Nvidia ដែលត្រូវបានរចនាឡើងដើម្បីអនុលោមតាមការរឹតបន្តឹងនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ត្រូវបានហាមឃាត់ដំបូង រួចត្រូវបានអនុញ្ញាតឱ្យលក់ទៅកាន់ប្រទេសចិនវិញនៅឆ្នាំនេះ។ លើសពីនេះ មានរបាយការណ៍ដែលថា ប្រទេសចិនបាននិងកំពុងលើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកឱ្យបញ្ឈប់ការទិញបន្ទះឈីប AI របស់ Nvidia ផងដែរ។
អ្នកនាង Li បានថ្លែងថា៖ «ខ្ញុំមិនគិតថា ប្រទេសណាមួយនឹងធ្វើដូច្នេះទេ ពីព្រោះវានឹងសម្លាប់ Nvidia ដោយស្វ័យប្រវត្តិ»។ «ដូច្នេះ Nvidia ឥឡូវនេះគឺជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់បំផុត ហើយប្រសិនបើពួកគេបាត់បង់ទីផ្សារដ៏ធំពីប្រទេសចិន... គ្មាននរណាម្នាក់ចង់ឃើញរឿងនេះកើតឡើងទេ»៕