Messi ស៊ុតបាន ២គ្រាប់នាំឱ្យ Miami ទទួលបានកៅអីលេងជម្រុះ MLS ក្រោយបំបាក់ New York City

25-09-2025 15:29

(បរទេស)៖ ស្ថិតក្នុងវ័យ ៣៨ឆ្នាំ Lionel Messi រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៤ទល់នឹង០ របស់ក្រុម Inter Miami CF ទៅលើម្ចាស់ផ្ទះ New York City នាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅកម្ពុជា)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

២គ្រាប់របស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានកើតឡើងនៅនាទី៧៤ និងនាទី៨៦ បន្ទាប់ពីមិត្តរួមក្រុម Baltasar Rodriguez រកបានគ្រាប់បែកពងមាន់នៅមុនពេលបញ្ចប់វគ្គទី១ ហើយអតីតខ្សែប្រយុទ្ធ Liverpool និង Barcelona គឺ Luis Suarez ជាអ្នករកបានគ្រាប់ទី៤ ដោយបាល់ប៉េណាល់ទី។

តាមរយៈជ័យជម្នះក្រៅដីដ៏គាប់ប្រសើរនេះដែរ បានញាំងឱ្យក្រុមរបស់អ្នកចាត់ការទូទៅ លោក Javier Mascherano ទទួលបានកៅអីវគ្គជម្រុះ Major League Soccer ជាបន្តទៀតដែរ។

អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះបានថ្លែងថា «ពួកយើងសប្បាយចិត្តខ្លាំងណាស់ ខណៈពេលនេះយើងបានឆ្លងចូលវគ្គជម្រុះហើយ ដែលមានសារៈសំខាន់ណាស់។ ពេលនេះពួកយើងត្រូវតែធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីឈ្នះពាន»

គួរបញ្ជាក់ផងថា Miami ដែលកំពុងស្ថិតនៅលេខ៣ ប្រចាំតំបន់ Eastern Conference ចាញ់ប្រៀបក្រុមកំពូលតារាង Philadelphia Union ចំនួន ៥ពិន្ទុ ដ្បិតពួកគេនៅសល់ ២ប្រកួតក្នុងដៃទៀតផង៕