Barcelona វាយបកឈ្នះ Oviedo ៣-១ ដើម្បីបន្ថយគំលាតកំពូលតារាងពី Real Madrid

26-09-2025 09:43

(បរទេស)៖ FC Barcelona ម្ចាស់ការពារតំណែងជើងឯក La Liga បានធ្វើការវាយបកឈ្នះម្ចាស់ផ្ទះ Real Oviedo ៣-១ នាយប់មិញប្រចាំសប្តាហ៍ទី៦ ដើម្បីកាត់បន្ថយគំលាតនាំមុខមកនៅត្រឹម ២ពិន្ទុវិញពី Real Madrid។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករ Eric Garcia, Robert Lewandowski និង Ronald Araujo បានសហការគ្នារកបានម្នាក់ ១គ្រាប់ បន្ទាប់ពី Alberto Reina ជាអ្នករកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះ Oviedo ដែលទើបឡើងមកលេងក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះ។

តាមរយៈ ៣ពិន្ទុក្រៅដីនេះដែរ ញាំងឱ្យក្រុមរបស់លោក Hansi Flick នៅតែរក្សាប្រវត្តិមិនចាញ់ដដែល ក្នុងលីគនារដូវកាលថ្មី ២០២៥-២៦ តាមពីក្រោយក្រុមកំពូលតារាង Real Madrid ដោយមិនទាន់ចាញ់ដូចគ្នា ស្របពេល Oviedo កំពុងស្ថិតក្នុងតំបន់កាត់ចោល និងទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៦ប្រកួតនៃជើងទី១ ដូចគ្នា។

ក្នុងជំនួបនោះដែរ អតីតខ្សែបម្រើ Arsenal និងជម្រើសជាតិអេស្ប៉ាញ Santi Cazorla ដែលស្ថិតក្នុងវ័យ ៤០ឆ្នាំទៅហើយនោះ ក៏បានបង្ហាញខ្លួនក្នុងក្លិបកុមារភាព Oviedo របស់លោក គិតចាប់តាំងចាកចេញកាលឆ្នាំ២០០៣ ដោយកន្លងមកពុំបានបង្ហាញខ្លួនក្នុងក្រុមធំនេះឡើយ ដោយសារវិបត្តិហិរញ្ញវត្ថុក្នុងក្លិប៕