Meta ពិភាក្សាប្រើប្រាស់ Gemini AI របស់ Google ដើម្បីជំរុញអាជីវកម្ម «ផ្សាយពាណិជ្ជកម្ម»
26-09-2025 10:01
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta Platforms ដែលជាម្ចាស់បណ្ដាញ Facebook និង Instagram កំពុងស្ថិតក្នុងការពិភាក្សាដំបូងជាមួយក្រុមហ៊ុន Google Cloud របស់ Alphabet អំពីលទ្ធភាពនៃការប្រើប្រាស់គំរូបញ្ញាសិប្បនិម្មិត (AI) Gemini របស់ Google ដើម្បីបង្កើនប្រសិទ្ធភាពនៃអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Information។

ការពិភាក្សានេះ គឺជាសញ្ញាគួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារ Meta និង Google គឺជាគូប្រជែងដ៏ធំនៅក្នុងទីផ្សារផ្សាយពាណិជ្ជកម្មអនឡាញសកល។
បុគ្គលិករបស់ក្រុមហ៊ុន Meta បានលើកឡើងពីសំណើនៃការយកគំរូ AI Gemini និងគំរូ Gemma ដែលជាប្រភពកូដចំហ (open-source) របស់ Google មកធ្វើការ កែសម្រួលល្អិតល្អន់ (fine-tune) ទៅលើ ទិន្នន័យផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន របស់ Meta។ គោលដៅចុងក្រោយគឺដើម្បីបង្កើនសមត្ថភាពនៃការ កំណត់គោលដៅពាណិជ្ជកម្ម (ad targeting) ឱ្យកាន់តែច្បាស់លាស់នៅលើបណ្ដាញ Facebook និង Instagram។
ការផ្លាស់ប្តូររបស់ Meta ទៅរកការពិចារណាប្រើប្រាស់ AI របស់គូប្រជែងខ្លួន ត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់នូវបញ្ហាប្រឈមដែលក្រុមហ៊ុនជួបប្រទះក្នុងការ ពង្រីកបច្ចេកវិទ្យា AI ផ្ទាល់ខ្លួន (in-house models) ដូចជាគំរូ Llama របស់ខ្លួន ឱ្យទាន់ល្បឿននៃការប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខគេដូចជា Google និង OpenAI ទោះបីជា Meta បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើការស្រាវជ្រាវ និងហេដ្ឋារចនាសម្ព័ន្ធក៏ដោយ។
ការចរចានេះនៅស្ថិតក្នុងដំណាក់កាល ដំបូង នៅឡើយ ហើយអាចនឹងមិនឈានដល់កិច្ចព្រមព្រៀងចុងក្រោយក៏ថាបាន។ យ៉ាងណាមិញ វាកើតឡើងបន្ទាប់ពីមានរបាយការណ៍កាលពីខែមុនថា Meta បានចុះកិច្ចព្រមព្រៀងប្រើប្រាស់សេវាកម្ម Cloud របស់ Google ក្នុងតម្លៃ ១០ ពាន់លានដុល្លារ រួចមកហើយ។
ទាំង Google និង Meta សុទ្ធតែបានរាយការណ៍នៅក្នុងរបាយការណ៍ចំណូលប្រចាំត្រីមាសចុងក្រោយរបស់ពួកគេថា ការវិនិយោគរបស់ពួកគេទៅលើ AI កំពុងជំរុញកំណើននៅក្នុងអាជីវកម្មផ្សាយពាណិជ្ជកម្មស្នូលរបស់ពួកគេរៀងៗខ្លួន។
ការសម្រេចចិត្តដែលអាចកើតមានរបស់ Meta ក្នុងការប្រើប្រាស់ AI របស់ Google នេះ បានបង្ហាញថា ការឈ្នះក្នុងការប្រណាំង AI គឺមានសារៈសំខាន់ជាងការរក្សាភាពឯកជននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងបែបប្រពៃណីរវាងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំទាំងពីរនេះ៕