Shopee Cup៖ គ្រូព្រះខ័នរាជ សរសើរកូនក្រុមធ្វើបានល្អ ទោះលទ្ធផលមិនឆ្លើយតបនឹងទម្រង់លេង
26-09-2025 10:12
(ភ្នំពេញ)៖ លោក Mattew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានសរសើរចំពោះការខំប្រឹង និងធ្វើបានយ៉ាងល្អរបស់កូនក្រុម ទោះលទ្ធផលមិនបានឆ្លើយតបនឹងទម្រង់លេង។ ការលើកឡើងនេះ បន្ទាប់ពីក្រុមខ្លួន បានចាញ់ក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម ក្នុងលទ្ធផល ២-១ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ពូលB កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ នៅកីឡដ្ឋាន Thien Truong។

នៅក្នុងជំនួបដ៏តានតឹងនេះ ក្រោយការវាយសម្រុកគ្នាទៅវិញទៅមក កីឡាករ Lam Ti Phong រកបាន ២គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះបើកការនាំមុខមុន នៅនាទី៣៦ និងនាទី៤០ ។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង ក៏បានព្យាយាមគ្រប់គ្រងបាល់ និងបង្កើតឱកាសជាច្រើន ពិសេសក្រោយកីឡាករ Eid Mahmoud រងពិន័យកាតក្រហម នៅនាទី៥៩ តែព្រះខ័នរាជស្វាយរៀង នៅតែពិបាកទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុម Nam Dinh ដែលចុះការពារស្ទើរទាំងអស់ ទម្រាំអាចរកបាន ១គ្រាប់ ដោយការស៊ុតពីចម្ងាយរបស់កីឡាករ Partrick Robson នៅនាទី៨១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។
ក្រោយបញ្ចប់ការប្រកួតនេះលោក Mattew Mcconkey បានលើកឡើងថា «ខ្ញុំសប្បាយចិត្តសម្រាប់ក្រុមរបស់ខ្ញុំនៅថ្ងៃនេះ ហើយអ្នកទាំងអស់ ក៏បានដឹងច្បាស់ដែលថា ពួកយើងបានបង្ហាញទម្រង់លេងមួយដែលល្អ ។ ពួកយើងមានឱកាសជាច្រើន តែយើងធ្វើមិនបានល្អ តែពួកគេមានឱកាសហើយពួកគេធ្វើបាន។ យ៉ាងណាបាល់ទាត់គឺបែបនេះ ពេលខ្លះក៏រីករាយ ហើយពេលខ្លះក៏មិនបានដូចចិត្តយើង ។ តែយ៉ាងហោចណាស់ក៏យើងធ្វើបានល្អផងដែរ គ្រាន់តែយើងមិនបានអ្វីដែលយើងខំប្រឹង»។
លោកទទួលស្គាល់ការរងពិន័យកាតក្រហមរបស់កីឡាករ Nam Dinh នៅពាក់កណ្ដាលវគ្គទី២ បានផ្ដល់ផលចំណេញដល់ក្រុម ក្នុងការគ្រប់គ្រងការប្រកួត ហើយលោកក៏បានប្រាប់កូនក្រុមក្នុងការព្យាយាមស្វែងរកគ្រាប់បាល់ បើមិនដូច្នេះលទ្ធផលនឹងមិនល្អប្រសើរ។ ជាការពិតក្រុមខ្លួនបានបង្ហាញ់ទម្រង់មួយដ៏ល្អ តែមិនអាចទទួលបានជ័យជម្នះ ដោយសារប្រព័ន្ធការពារដ៏រឹងមាំរបស់ក្រុមម្ចាស់ផ្ទះ ទោះបីលោកមើលឃើញឱកាសរកបានគ្រាប់បាល់យ៉ាងហោច ៣ ទៅ ៤គ្រាប់ក៏ដោយ។
ក្រោយរបូត ៣ពិន្ទុលើកដំបូង ព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរលេខ២ ក្នុងពូលB ដោយរក្សា ៣ពិន្ទុក្នុងដៃ ដែលបានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៣-០ កាលពីចុងខែសីហា តាមពីក្រោយក្រុម Johor Darul Ta’zim FC ដែលរកបាន ៦ពិន្ទុពេញ ក្រោយក្រុមខ្លាំងរបស់ម៉ាឡេស៊ីនេះ បានយកឈ្នះក្រុមថៃ Bangkok United ៤-០ ។ រីឯក្រុម Nam Dinh ឈរលេខ៣ បណ្ដោះអាសន្ន ក្រោយរកបាន ៣ពិន្ទុពេញពីការប្រកួតដំបូងរបស់ខ្លួន។
សម្រាប់ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕