លោក Trump នឹងផ្លាស់ប្តូរទីតាំងការប្រកួត World Cup 2026 បើយល់ថាទីក្រុងណាមួយរបស់ USA មិនមានសុវត្ថិភាព
26-09-2025 10:32
(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងសម្លឹងមើលនៅជម្រើសក្នុងការផ្លាស់ប្តូរការប្រកួត នៅការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ប្រសិនបើលោកយល់ថាទីក្រុងណាមួយរបស់សហរដ្ឋអាមេរិក ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនោះ មិនមានសុវត្ថិភាព។

នេះបើតាមលោក Donald Trump បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ អំពីព្រឹត្តិការណ៍នេះដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នារវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលបញ្ហានេះត្រូវបានសួរដោយអ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval ជាពិសេសអំពីព្រឹត្តិការណ៍ដែលត្រៀមរៀបចំនៅ Seattle និង San Francisco ។
លោក Trump បាននិយាយថា «ពិតមែនហើយ នេះជាសំណួរគួរឱ្យចាប់អារម្មណ៍មួយ... ប៉ុន្តែយើងនឹងធ្វើឱ្យប្រាកដថា ពួកគេមានសុវត្ថិភាព ហើយទីក្រុង Seattle និង San Francisco គឺបានកំណត់ដោយអ្នកឆ្វេងនិយមជ្រុល ដែលមិនដឹងថាពួកគេកំពុងធ្វើអ្វីនោះទេ» ។
សូមជម្រាបផងថា ការប្រកួតចំនួន៦ នឹងត្រូវលេងនៅកីឡដ្ឋាន Lumen Field របស់ទីក្រុង Seattle ហើយការប្រកួតចំនួន ៦ទៀត នឹងត្រូវបានកំណត់លេងនៅកីឡដ្ឋាន Levi's ក្នុងទីក្រុង Santa Clara រដ្ឋ California ដែលប្រើពេលជិះប្រហែលមួយម៉ោងពីទីក្រុង San Francisco ។
ជាការកត់សម្គោលផងថា ការប្រកួតបាល់ទាត់ពិភពលោក គឺត្រូវបានគ្រប់គ្រងដោយ FIFA ដែលកំណត់ទីតាំងការប្រកួត ហើយនឹងជាអ្នកទទួលខុសត្រូវចំពោះការផ្លាស់ប្តូរណាមួយ។ តែទោះបីជាយ៉ាងណាក៏ដោយ លោក Trump គឺជាប្រធានាធិបតីអាមេរិក ដែលមានទំនាក់ទំនងការងារជិតស្និទ្ធជាមួយប្រធាន FIFA លោក Gianni Infantino ៕