អាមេរិក នឹងប្រឆាំងដាច់ខាត ចំពោះប្រទេសដែលព្យាយាមរារាំងអ៉ីស្រាអែលលេង World Cup 2026

26-09-2025 10:48

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងព្យាយាមការពារ និងទប់ស្កាត់ ចំពោះការប៉ុនប៉ងទាំងឡាយណា ដែលព្យាយាមដាក់ទណ្ឌកម្មអ៉ីស្រាអែលមិនឱ្យលេង World Cup នាឆ្នាំក្រោយនេះ។

បេសកជនពិសេស ១រូបរបស់អង្គការសហប្រជាជាតិ UN បានថ្លែងកាលពីដើមខែកញ្ញានេះថា អ៉ីស្រាអែល បានបន្តប្តេជ្ញាចិត្តបន្ថែមទៀត ចំពោះការលុកលុយ ក៏ដូចជាប្រឆាំងទៅនឹងប៉ាឡេស្ទីន នៅតំបន់កាហ្សាខ្លាំងក្លាឡើង ដែលធ្វើឱ្យមេដឹកនាំ UN និងនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានស្នើឱ្យដកបេក្ខភាពអ៉ីស្រាអែលចេញពី World Cup 2026។

World Cup ឆ្នាំក្រោយ នឹងធ្វើឡើងនៅ ៣ប្រទេសផ្សេងគ្នាសហម្ចាស់ផ្ទះរួមមាន អាមេរិក មិចស៊ិក និងកាណាដា។

ចំពោះបញ្ហានេះ អ្នកនាំពាក្យសហរដ្ឋអាមេរិកបានថ្លែងប្រាប់ BBC Sport ថា «ពួកយើងនឹងខិតខំធ្វើកិច្ចការនេះដោយពេញទំហឹង ដើម្បីបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលព្យាយាមរារាំងអ៉ីស្រាអែលនៅ World Cup»

ថ្មីៗនេះដែរមានរបាយការណ៍មួយដែលចេញដោយសហព័ន្ធបាល់ទាត់ UEFA ដោយបានកំពុងរៀបចំលេងវគ្គជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុបនោះ ក៏បានប្រកាសថានឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីសម្រេចចំពោះវត្តមានអ៉ីស្រាអែលនៅ កម្មវិធី ៤ឆ្នាំម្តងនេះនាសប្តាហ៍ក្រោយ។

គួរបញ្ជាក់ផងថា បច្ចុប្បន្នអ៉ីស្រាអែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូលដោយមាន ៩ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងន័រវេស ៦ពិន្ទុ ខណៈយកតែក្រុមលេខ១ ឡើងទៅលេង World Cup 2026 ហើយក្រុមលេខ២ ត្រូវលេង0ជម្រុះបន្តទៀត។

ប្រការនេះនាំឱ្យលោក Sanchez នាយករដ្ឋមន្រ្តីអេស្ប៉ាញបានលើកឡើងថា អ៉ីស្រាអែលគួរតែទទួលទណ្ឌកម្មដូចរុស្ស៊ីដែរ ចំពោះបម្រាមមិនឱ្យចូលរួមក្នុងកម្មវិធីកីឡានានាលើឆាកអន្តរជាតិតែម្តង៕