ធនាគារ «KB Kookmin» ផ្តល់ការវះកាត់បេះដូងដោយឥតគិតថ្លៃ ដល់កុមារកម្ពុជា

26-09-2025 12:15

(កូរ៉េ)៖ ធនាគារ KB Kookmin ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ីប្រាសាក់ បានប្រកាសកាលពីពេលថ្មីៗនេះថា កុមារកម្ពុជាចំនួនប្រាំនាក់ ដែលមានជំងឺបេះដូងពីកំណើត ត្រូវបានអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានផ្តល់ការវះកាត់ដោយឥតគិតថ្លៃ និងជំនួយផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Bucheon Sejong ព្រមទាំងផ្តល់លើការចំណាយលើមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅពីភ្នំពេញទៅកាន់ទីក្រុងសេអ៊ូល និងត្រឡប់មកវិញ។

គម្រោងគាំពារកុមារដែលមានជំងឺបេះដូងកម្ពុជា គឺជាគម្រោងរួមគ្នារវាង the Financial Supervisory Service, the Salvation Army Korea និង ធនាគារ KB Kookmin ។ គម្រោងនេះមានគោលបំណង ជួយកុមារក្រីក្រកម្ពុជាឱ្យមានក្តីសង្ឃឹមថ្មី និងសុភមង្គលក្នុងជីវិតរបស់ពួកគាត់ និងក្រុមគ្រួសារ ។ ចាប់តាំងពីឆ្នាំ២០១២ មក ធនាគារ KB Kookmin បានផ្តល់ជីវិតថ្មីដល់កុមារចំនួន 107 នាក់នៅក្នុងប្រទេសកម្ពុជា ដោយត្រូវចំណាយថវិកាប្រមាណជា ១,១៦០លានវ៉ុន (ឬសមមូលនឹង ៨២.២០ម៉ឺនដុល្លារអាមេរិក)។

ព្រឹត្តិការណ៍ទស្សនកិច្ច ដែលបានធ្វើឡើងនៅមន្ទីរពេទ្យ Bucheon Sejong ត្រូវបានចូលរួមដោយ លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិ KB Kookmin Bank; លោក Lee Se-hoon, អនុប្រធានជាន់ខ្ពស់នៃសេវាត្រួតពិនិត្យហិរញ្ញវត្ថុ, លោក Lee Myung-mook ប្រធានមន្ទីរពេទ្យ Bucheon Sejong, លោកស្រី Jeong Hyeon ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រកុមារ និងវ័យជំទង់នៅមន្ទីរពេទ្យ Bucheon Sejong; លោក Han Se-jong អគ្គលេខាធិការនៃ Salvation Army Korea និងលោក Namadi Joel Jin ដែលជាអត្តពលិកដែលឧបត្ថម្ភដោយ KB Financial Group។

មន្ត្រីធនាគារ KB Kookmin បានលើកឡើងថា «ជារឿងរីករាយរបស់យើងខ្ញុំ ក្នុងការចូលរួមជាផ្នែកមួយនៃការជួយកុមារនៅកម្ពុជា ដើម្បីទប់ទល់នឹងជំងឺបេះដូង និងទទួលបានជីវិតថ្មីតាមរយៈការវះកាត់នៅទីនេះ។ យើងបន្តគម្រោងសប្បុរសធម៌បែបនេះ ដើម្បីធ្វើឱ្យសុបិនរបស់កុមារទាំងនោះក្លាយជាការពិត និងមានសុខភាពល្អ»។

សូមជម្រាបជូនផងដែរថា KB Kookmin Bank គឺជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ, ជាសមាជិកនៃក្រុមហិរញ្ញវត្ថុដ៏ធំបំផុតគឺ KB Financial Group, ដែលមានមូលដ្ឋានអតិថិជន និងបណ្តាញសាខាធំជាងគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារក៏កំពុងឈានមុខគេ ក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថល ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈខុសប្លែកពីគូប្រជែង ដែលត្រូវបានបង្កើតឡើង ដោយចំណេះដឹងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន។ ស្វែងយល់បន្ថែមតាមរយៈ www.kbfg.com៕