អាល្លឺម៉ង់ ផលិតសាច់ក្រណាត់ មានសមត្ថភាពការពារការបាញ់ប្រហារ
26-09-2025 14:31
(បរទេស)៖ អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានបង្កើតសាច់ក្រណាត់ឆ្លាតវៃដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យអ្នកពាក់មានអារម្មណ៍ដូចជាខោអាវធម្មតា ប៉ុន្តែវាអាចបម្លែងខ្លួនភ្លាមៗ នៅពេលប្រទះឥទ្ធិពលខ្លាំងៗដូចជាការបាញ់ប្រហារជាដើម។

ម៉ូលេគុលនៅក្នុងសាច់ក្រណាត់នេះ នឹងផ្លាស់ប្តូរពីសភាពទន់ធម្មតា ទៅជារឹងភ្លាមៗដូចជា គ្រឿងសម្ភារៈការពារ ដែលអាចផ្តល់នូវការការពារខ្លួនអ្នកពាក់ពីការបាញ់ប្រហារ ដែលកន្លងទៅគ្រឿងការពារប្រភេទនេះ គេអាចរកបានតែតាមអាវការពារ Kevlar ធ្ងន់ៗប៉ុណ្ណោះ។ ការធ្វើតេស្តបង្ហាញថា វាអាចទប់ទល់នឹងឥទ្ធិពលល្បឿនលឿនបាន ខណៈពេលដែលវានៅតែមានសភាពស្រាលនិងទន់ធ្វើឲ្យអ្នកពាក់អាចដង្ហើមបានធម្មតា ដូចក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
ការច្នៃប្រឌិតនេះ មិនមែនបង្កើតឡើងសម្រាប់តែការប្រើប្រាស់ក្នុងវិស័យយោធា ឬប៉ូលិសតែប៉ុណ្ណោះទេ តែវាអាចការពារជីវិតកីឡាករពីរបួសធ្ងន់ធ្ងរ កម្មករនៅតំបន់សំណង់ និងអ្នកដំណើរនៅក្នុងរថយន្តផងដែរ។ វាមានបញ្ចូលបច្ចេកវិទ្យាណាណូចូលទៅក្នុងស្រទាប់ក្រណាត់ដែលអាចស្លៀកបាន ហើយអ្នកវិទ្យាសាស្ត្រកំពុងតែបែកចែកឲ្យដាច់រវាងខោអាវនិងសម្ភារៈការពារ ដោយបើកផ្លូវទៅរកអនាគតដែលសុវត្ថិភាពត្រូវបានស្ថាបនាក្នុងម៉ូតសម្លៀកបំពាក់ប្រចាំថ្ងៃ៕