Kane រកបានគ្រាប់ទី១០០ ក្នុងក្លឹប Bayern ពេលបំបាក់ Bremen ៤-០ ក្នុងលីគ
27-09-2025 09:21
(ម៉ូនិច)៖ ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane រកបានគ្រាប់បាល់ទី១០០ ចំពោះក្លឹបខ្លារខិន Bayern Munich ពេលយកឈ្នះគូប្រជែង Werder Bremen ៤ទល់នឹង០ នៅក្របខណ្ឌ Bundesliga យប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជាមួយគ្នានោះដែរ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ ក៏បានក្លាយជាកីឡាកររកបានគ្រាប់បាល់ចំនួន ១០០គ្រាប់ដ៏លឿនបំផុតផងដែរ បើប្រៀបទៅនឹងទាំង ៥លីគកំពូលប្រចាំតំបន់អឺរ៉ុប នៃរដូវកាលទី៣ របស់លោកនៅទឹកដីអាល្លឺម៉ង់ ដោយចូលលេងបាន ១០៤ប្រកួតគ្រប់កម្មវិធី។
រូបគេបានបំបែកកំណត់ត្រាចាស់របស់ Cristiano Ronaldo ដែលរកបានលទ្ធផលនេះដែរ ពីការចូលលេងបាន ១០៥ប្រកួតសម្រាប់ Real Madrid នាឆ្នាំ២០១១ គ្រាដែល Erling Haaland រកបានគ្រាប់បាល់ទី១០០ កាលពីឆ្នាំទៅផងដែរដែលលេងឱ្យ Manchester City។
២គ្រាប់បន្ថែមយប់មិញរបស់ Kane សម្រាប់ Bayern ដែលបាននាំចូលពីក្លឹបអង់គ្លេស Tottenham Hotspur គឺកើនដល់ ៧២គ្រាប់ហើយក្នុងលីគ Bundesliga នឹងមានកំណត់ត្រានៅការស៊ុតបាន ៧០គ្រាប់ដ៏លឿនជាងកីឡាករផ្សេងទៀត ត្រឹមការបង្ហាញខ្លួន ៦៧ប្រកួតផងដែរ នៃប្រវត្តិសាស្ត្រនៃលីគ ៕