សហព័ន្ធបាល់ទាត់អង់គ្លេស បង្កើនវិធានការសុវត្ថិភាពបន្ទាន់ ក្រោយមរណភាពរបស់អតីតកីឡាករ Arsenal

27-09-2025 09:54

(ឡុងដ៍)៖ សហព័ន្ធបាល់ទាត់អង់គ្លេស FA បានចេញវិធានការសុវត្ថិភាពបន្ទាន់នៅតាមកីឡដ្ឋាននានា ក្រោយមរណភាពរបស់កីឡាករ Billy Vigar អតីតយុវជនថ្នាលចេញពីក្លឹបកាំភ្លើងធំ Arsenal។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Vigar បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ បន្ទាប់ពីទទួលរងរបួសក្បាលជាទម្ងន់ នៅពេលលេងឱ្យក្រុម Chichester City ទល់នឹងគូប្រជែង Finchley FC នៅឯកីឡដ្ឋាន Wingate កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

គ្រោះថ្នាក់ដល់ជីវិតនេះត្រូវបានគេគិតថា បណ្តាលពីការដួលទៅបុកនឹងជញ្ជាំងប៉េតុងនៅសងខាងកីឡដ្ឋាន ដែលក្លឹបពុំបានបញ្ជាក់ពីករណីនេះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ FA បានបញ្ជាក់ថា «បច្ចុប្បន្នពួកយើងបានកំពុងធ្វើការឆែកឡើងវិញពីប្រព័ន្ធសុវត្ថិភាពលើទីលាន ក្នុងចំណោមលីគទាំងអស់ពីបណ្តាក្លឹប និងដៃគូសហការគ្រប់ការប្រកួត ដើម្បីរក្សាសុខសុវត្ថិភាពសម្រាប់កីឡាករ តាមរយៈពិនិត្យទៅលើជញ្ជាំង និងបដាពាណិជ្ជកម្មផ្សេងៗនៅជុំវិញកីឡដ្ឋាននានា»

គួររំលឹកផងថា Vigar គឺជាយុវជនថ្នាលចេញពី Arsenal ដែលបានចេញពីក្លិបស្ថិតនៅទីក្រុង London នេះនាឆ្នាំ២០២៤ និងធ្លាប់បានលេងនៅក្លឹប Derby County, Eastbourne Borough និង Hastings United ទៀតផង មុនពេលមរណភាព៕