Ronaldo បន្តបង្កើនចំនួនគ្រាប់ ខណៈ Mane លេងបាន ៩នាទីស៊ុតជួយ Al-Nassr ឈ្នះក្រុមការពារតំណែងជើងឯករដូវកាលមុន
27-09-2025 10:16
(រីយ៉ាដ)៖ បុរសវ័យ ៤០ឆ្នាំ Cristiano Ronaldo ពេលនេះបន្តរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបន្ថែមទៀតហើយ ដែលរកបាននៅក្នុងប្រកួតជួយក្រុម Al-Nassr យកឈ្នះក្រុមការពារតំណែងជើងឯករដូវកាលមុន Al-Ittihad ២-០ បន្ទាប់ពី Sadio Mane ស៊ុតនាំមុខត្រឹម ៩នាទីដំបូង ក្នុងការប្រជែងលីគអារ៉ាប៊ីសាអូឌីត Saudi Pro League រដូវកាលថ្មីនេះ ក្នុងប្រកួតទី៤ ។

ហើយតាមរយៈជ័យជម្នះនេះ ក្រុម Al-Nassr បន្តលេងមិនស្គាល់ចាញ់នោះទេ នៅការចាប់ផ្តើមបាន ៤ប្រកួតក្នុងលីគ ជាមួយការនាំមុខគូប្រជែង ១២ពិន្ទុ គ្រាដែលក្រុម Al-Ittihad នៅមានត្រឹម ៩ពិន្ទុជាបណ្តោះអាសន្ន ។
ក្នុងប្រកួតនេះកីឡាករអន្តរជាតិសេណេហ្គាល់ Sadio Mane បានបើការនាំមុខលើកក្រុម Al-Ittihad ត្រឹមការលេងបាន ៩នាទីនៃវគ្គទី១ ហើយបន្ទាប់ក៏បានបញ្ជូនបាល់ឱ្យ Ronaldo សម្រេចទីបាននៅនាទីទី៣៥ ការណ៍នេះបានធ្វើឱ្យខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ កើនបាន ៤គ្រាប់ក្នុងចំណោមកីឡាករស៊ុតបានច្រើនគ្រាប់នៅលីគ Saudi Pro League ដែលមាន Joao Felix នាំមុខ ៥គ្រាប់ច្រើនជាងគេបណ្តោះអាសន្ន ។
ខណៈនេះ Cristiano Ronaldo ជាមួយក្រុម Al-Nassr រកបានគ្រាប់ស៊ុតបញ្ចូលទីកើនដល់ចំនួន ១០៤គ្រាប់ គ្រាដែល Mane កើនបាន ៤១គ្រាប់បណ្តោះអាសន្នដូចគ្នា ក្រោយរួមគ្នាយកឈ្នះក្រុមការពារតំណែងជើងឯករដូវកាលមុន Al-Ittihad ។
បញ្ជាក់ផងថា សម្រាប់លីគ Saudi Pro League គឺមាន ១៨ក្រុម ហើយតម្រូវជ្រើសយកតែ ៣ក្រុមមានពិន្ទុខ្ពស់ជាងគេមានកៅអីលេងពានរង្វាន់ជើងឯកក្លឹបប្រចាំតំបន់អាស៊ី AFC Champions League នៅការប្រកួតវគ្គ League stage រដូវកាលបន្ទាប់ ៕