ម្ចាស់ការពារជើងឯក Selby ផ្តួល Williams នៅកម្មវិធី British Open ដែលមានកញ្ចប់ទឹកប្រាក់ ១០ម៉ឺនផោន

27-09-2025 10:44

(បរទេស)៖ កីឡាករស្នូកឃ័រ Mark Selby បានបន្តឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី British Open 2025 ដែលមានទឹកប្រាក់ ១០០,០០០ផោនសម្រាប់ជើងឯក ក្រោយផ្តួលគូប្រជែង Mark Williams។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Selby ដែលឈរនៅចំណាត់ថ្នាក់លេខ១០ ពិភពលោក បានបើកការនាំមុខ ២ហ្វ្រេម មុនពេល Williams ធ្វើបានសម្រេច ៣ហ្វ្រេមវិញ។

ទោះជាយ៉ាងណា Selby អតីតជើងឯកស្នូកឃ័រ World Champions ៤សម័យកាល បានធ្វើការវាយបកតាមស្មើ និងយកឈ្នះ ២ហ្វ្រេមបន្ទាប់ ដើម្បីទទួលបានជ័យជម្នះផ្លូវការ ៥-៣ តែម្តងចេញពីវគ្គ ៨នាក់ចុងក្រោយ។

ក្នុងដំណើរឆ្ពោះទៅការពារតំណែងជើងឯក British Open ជាលើកដំបូងនៃកម្មវិធីប្រជែងយកចំណាត់ថ្នាក់ផងនោះ កីឡាករអន្តរជាតិអង់គ្លេស វ័យ ៤២ឆ្នាំរូបនេះ ត្រូវប៉ះគូប្រជែងឈរនៅលេខ១៦ ពិភពលោក Shaun Murphy ដោយធ្វើឡើងនាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

គួរបញ្ជាក់ផងថា រាល់កីឡាករដែលបានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ British Open 2025 គឺទទួលបាន ២០,០០០ផោន ខណៈជើងឯករងបាន ៤៥,០០០ផោន និងម្ចាស់ជើងឯកបាន ១០០,០០០ផោន៕