ByteDance រំពឹងថានឹងរក្សាតួនាទីដ៏សំខាន់សម្រាប់អាជីកម្ម TikTok ថ្មីនៅអាមេរិក

27-09-2025 11:09

(បរទេស)៖ ក្រុមហ៊ុន ByteDance ដែលជាម្ចាស់ TikTok មានទីស្នាក់ការនៅប្រទេសចិន រំពឹងថានឹងបន្តមានអំណាច និងឥទ្ធិពលសំខាន់នៅក្នុងការប្រតិបត្តិ TikTok នៅសហរដ្ឋអាមេរិក ខណៈដែលកិច្ចព្រមព្រៀងថ្មីកំពុងត្រូវរៀបចំឡើង ដើម្បីបំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងនៅក្នុងច្បាប់ឆ្នាំ២០២៤ របស់អាមេរិក។

អាស្រ័យលើប្រភពជាច្រើនដែលជិតស្និទ្ធនឹងការចរចាពីរឿង TikTok បានប្រាប់ Reuters ថា ByteDance នឹងនៅតែរក្សាភាគហ៊ុនដ៏សំខាន់ក្នុងអាជីវកម្មថ្មីដែលត្រូវបង្កើតឡើងសម្រាប់ TikTok នៅសហរដ្ឋអាមេរិក។ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងថា គោលបំណងគ្រឹះនៃកិច្ចព្រមព្រៀងទិញលក់អាជីវកម្ម TikTok នេះ គឺដើម្បីរក្សាប្រតិបត្តិការរបស់ TikTok ខណៈពេលដែលធានាថា ឯកជនភាពទិន្នន័យ របស់ប្រជាជនអាមេរិកត្រូវបានការពារដូចដែលច្បាប់តម្រូវ។ លើសពីនេះបើតាមបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ចែងថា កម្មវិធី Algorithm (ប្រព័ន្ធណែនាំវីដេអូ) នឹងត្រូវហ្វឹកហាត់ឡើងវិញ (retrained) និងត្រូវបានត្រួតពិនិត្យដោយដៃគូសន្តិសុខរបស់ក្រុមហ៊ុនអាមេរិកថ្មី ហើយប្រតិបត្តិការរបស់ Algorithm នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីនេះ។ ទោះជាបែបនេះក្តី សម្រាប់ក្រុមហ៊ុន ByteDance អាចនឹងបន្តទទួលប្រាក់ចំណេញជាចម្បងពីអាជីវកម្មផ្សាយពាណិជ្ជកម្មដោយប្រើរបៀបដូចជា ការជួល (licensing) ប្រព័ន្ធ algorithm ដ៏ល្បីរបស់ TikTok ជំនួសការលក់ចេញទាំងស្រុង។

មានការរំពឹងថា ByteDance នឹងបន្តមានឥទ្ធិពលលើ TikTok ហើយរឿងនេះក៏បានបង្កការព្រួយបារម្ភនៅក្នុងសភាអាមេរិកផងដែរ។ អ្នកច្បាប់មួយចំនួនយល់ថា កិច្ចព្រមព្រៀងនេះអាចបំពានច្បាប់ ដែលចេញនៅឆ្នាំ២០២៤ ដែលបញ្ជាឲ្យក្រុមហ៊ុនចិនបោះបង់អំណាចលើកម្មវិធីបច្ចេកវិទ្យានេះ។ ក្រុមប្រឹក្សាភិបាលថ្មីនៃ TikTok នៅសហរដ្ឋអាមេរិក អាចនឹងមាន៧ម្ចាស់ ដែល៦ម្ចាស់ នឹងជាអ្នកវិនិយោគអាមេរិក។ ByteDance ត្រូវបានរំពឹងថានឹងកាន់តែតិចជាង ២០% ដើម្បីជៀសវាងបញ្ហាច្បាប់ស្តីពីការគ្រប់គ្រងដោយបរទេស។ TikTok ក៏បានចាប់ផ្តើមដំណើរការបំបែកប្រព័ន្ធផ្ទុកទិន្នន័យ និង algorithm ដើម្បីរៀបចំការបំបែកចេញពី ByteDance ដែលជាម្ចាស់ដើមនាពេលកន្លងមក៕