Mercedes-Benz ប្រកាសបង្កើត​ក្រុមហ៊ុនថ្មីឈ្មោះ «Athos Silicon» ផលិត​ឈីប​រថយន្ត​អនាគត ស៊ីភ្លើង​តិច​ជាង ២០ ដង

27-09-2025 11:26

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តប្រណីតលំដាប់ពិភពលោក Mercedes-Benz បានប្រកាសបំបែកក្រុមអ្នកជំនាញបន្ទះឈីបដ៏សំខាន់របស់ខ្លួននៅ Silicon Valley សហរដ្ឋអាមេរិក ទៅជាក្រុមហ៊ុនឯករាជ្យថ្មីមួយឈ្មោះថា «Athos Silicon»។ ក្រុមហ៊ុនថ្មីនេះ មានមូលដ្ឋាននៅ Santa Clara, California ដោយនឹងផ្តោតទាំងស្រុងលើការអភិវឌ្ឍ បន្ទះឈីបកុំព្យូទ័រជំនាន់ថ្មី ដែលដើរតួជា «ខួរក្បាល» សម្រាប់ប្រព័ន្ធរថយន្តបើកបរដោយខ្លួនឯង (Self-Driving) យន្តហោះដ្រូន និងយានជំនិះអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

របាយការណ៍បានឱ្យដឹងថា ក្រុមវិស្វករនៅ Athos Silicon ដែលជាអតីតបុគ្គលិករបស់ Mercedes-Benz អស់រយៈពេល ៥ ឆ្នាំ មានគោលដៅស្នូលគឺបង្កើតឈីបដែលមាន សុវត្ថិភាពខ្ពស់បំផុត សម្រាប់ប្រើប្រាស់ក្នុងវិស័យយានយន្ត ខណៈពេលដែល ប្រើប្រាស់ថាមពលតិចជាងឈីបបច្ចុប្បន្ន។ ដើម្បីសម្រេចគោលដៅនេះ ពួកគេបានបង្កើតវិធីសាស្ត្រថ្មីដោយប្រើ «chiplets» (បំណែកតូចៗនៃបន្ទះឈីប) ដែលអាចបញ្ចូលគ្នាជាកញ្ចប់តែមួយ ដើម្បីធានាបាននូវសមត្ថភាពខ្ពស់។

លោក Charnjiv Bangar នាយកប្រតិបត្តិក្រុមហ៊ុន Athos Silicon បានពន្យល់ពីគុណប្រយោជន៍ដ៏ធំធេងនេះថា៖ «ការរចនាបែបនេះអាចប្រើប្រាស់ថាមពលតិចជាង ១០ ទៅ ២០ ដង បើធៀបនឹងការប្រើឈីបដាច់ៗពីគ្នា។ លោកក៏បានបន្ថែមការសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសន្សំថាមពលនេះសម្រាប់រថយន្តអគ្គិសនី (EV) ថា៖ «សម្រាប់អនាគតអគ្គិសនី អគ្គិសនីគឺជា «រូបិយប័ណ្ណ» ថ្មី»

គួរជម្រាបថា ក្រុមហ៊ុន​ Mercedes-Benz នឹងផ្តល់ទាំងកម្មសិទ្ធិបញ្ញា និងការវិនិយោគ «ដ៏សំខាន់» ដល់ក្រុមហ៊ុនថ្មីនេះ ប៉ុន្តែ Athos Silicon នឹងរក្សាខ្លួនជាក្រុមហ៊ុនឯករាជ្យ និងមានក្រុមប្រឹក្សាភិបាលដាច់ដោយឡែក។ លោក Bangar បានបញ្ជាក់ថា Mercedes-Benz នឹងក្លាយជា ភាគហ៊ុនិកភាគតិច ប៉ុណ្ណោះ។ លោកបានថ្លែងបន្តថា៖ «ឯករាជ្យភាពគឺសំខាន់សម្រាប់ Athos ដូច្នេះយើងអាចទាក់ទងទៅ (ក្រុមហ៊ុនផលិតរថយន្ត) ផ្សេងទៀត ដែលជាដៃគូប្រកួតប្រជែងរបស់ Mercedes។ យើងត្រូវធានាថាយើងមានវិធីសាស្ត្រអព្យាក្រឹត»។ បច្ចុប្បន្ន Athos Silicon ក៏កំពុងស្វែងរកការរៃអង្គាសទុនវិនិយោគបន្ថែមពីវិនិយោគិនដទៃទៀតផងដែរ៕