មជ្ឈមណ្ឌលថែទាំកុមារនៅទីក្រុងឡុងដ៍ រងការវាយប្រហារដោយពួក Hacker ខណៈទិន្នន័យស្តីពីកុមារចំនួន ៨,០០០នាក់ ត្រូវបានលួច

27-09-2025 13:55

(បរទេស)៖ ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានលួចយកទិន្នន័យកុមារជាង ៨,០០០នាក់ ពីមជ្ឈមណ្ឌលថែទាំកុមារនៅទីក្រុងឡុងដ៍ឈ្មោះ Kido International។ ក្រុម Hacker បានបង្ហាញដំណឹងនេះលើគេហទំព័រ dark web portal ថាពួកគេបានលួចយកទិន្នន័យកុមារចំនួនជាង ៨,០០០ នាក់ដែលមកទទួលសេវាកម្មនៅទីតាំងខាងលើ។ នេះបើតមាការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមនេះមានឈ្មោះថា Radiant។ ការបញ្ជាក់របស់ពួកគេ គឺបានបង្ហោះឈ្មោះរបស់កុមារ ១០នាក់ រួមមានរូបថត អាសយដ្ឋាន និងព័ត៌មានទំនាក់ទំនងគ្រួសារ ដែលពួកគេអះអាងថាកុមារនោះបានសិក្សានៅក្នុងសាលាចំនួន ១៨ទីតាំង នៅ Greater London។ ការលួចទិន្នន័យនេះ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងស្តីពី សុវត្ថិភាពកុមារ និង ឯកជនភាពទិន្នន័យ។ វាជាករណីចុងក្រោយបំផុតក្នុងចំណោមការវាយប្រហារដោយ ransomware ច្រើនករណីនៅក្នុងប្រទេសអង់គ្លេសឆ្នាំនេះ។ «ជំហានបន្ទាប់របស់ពួកយើងគឺ បញ្ចេញព័ត៌មាន និងរូបភាពកុមារ៣០នាក់ និងបុគ្គលិក ១០០នាក់»។ នេះបើតាមឯកសារនៅលើគេហទំព័រលេចធ្លាយរបស់ Radiant។

ជុំវិញដំណឹងនេះ Kido International មិនបានឆ្លើយតបនឹងសំណើរបស់សារព័ត៌មាន Reuters ទេ។ ប៉ូលិសទីក្រុង London បានចេញសេចក្ដីថ្លែងការណ៍ថា មិនទាន់មានការចាប់ខ្លួនណាមួយទេ ហើយការស៊ើបអង្កេតស្ថិតក្នុងដំណាក់កាលដំបូង។

ឧក្រិដ្ឋជនបាននិយាយតាមបណ្តាញសារ (messaging app) ដែលបានអ៊ិនគ្រីបថា ពួកគេបានចូលក្នុងប្រព័ន្ធរបស់ Kido រយៈពេលសប្ដាហ៍ច្រើនហើយ។ នៅពេលត្រូវសួរថាពួកគេស្ថិតនៅទីណា ពួកគេឆ្លើយថា នៅប្រទេសរុស្ស៊ី ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយផ្ដើម្បីអាចផ្ទៀងផ្ទាត់បានឡើយ៕