លោក ត្រាំ ទាមទារឱ្យ Microsoft បណ្តេញលោកស្រី Lisa Monaco ដោយចាត់ទុកជា «មេគំរាមកំហែងសន្តិសុខជាតិ»

28-09-2025 08:10

(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារយ៉ាងដាច់អហង្ការឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បញ្ចប់ការងាររបស់ប្រធានកិច្ចការសកល លោកស្រី Lisa Monaco ជាបន្ទាន់។ លោកស្រី Monaco គឺជាអតីតមន្ត្រីជាន់ខ្ពស់ដែលធ្លាប់បម្រើការនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីពីររូប គឺលោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

ការទាមទារនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ត្រាំ ដើម្បីសងសឹកលើអ្នកដែលលោកយល់ថាជា «សត្រូវនយោបាយ» ខណៈដែលហេតុការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអតីតនាយក FBI លោក James Comey ត្រូវបានចោទប្រកាន់។

លោក ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Truth Social របស់លោកដើម្បីប្រតិកម្ម ដោយលើកឡើងត្រង់ៗថា លោកស្រី Monaco គឺជា៖«ការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ជាពិសេសដោយសារតែកិច្ចសន្យាធំៗដែលក្រុមហ៊ុន Microsoft មានជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។

លោកបានសង្កត់ធ្ងន់ពីជំហររបស់លោកថា៖ «ខ្ញុំយល់ឃើញថា ក្រុមហ៊ុន Microsoft គួរតែបញ្ឈប់ការងាររបស់អ្នកស្រី Lisa Monaco ជាបន្ទាន់»។ លោកក៏បានបន្ថែមទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដកហូតការបោសសំអាតសន្តិសុខ (security clearances) ពីលោកស្រីកាលពីខែកុម្ភៈ ហើយថែមទាំងហាមឃាត់មិនឱ្យលោកស្រីចូលក្នុងអចលនទ្រព្យសហព័ន្ធទាំងអស់ ដោយសារតែ «ទង្វើខុសឆ្គងជាច្រើនរបស់អ្នកស្រី Monaco»

គួររំលឹកថា លោកស្រី Monaco ដែលបានចូលរួមជាមួយ Microsoft កាលពីខែកក្កដា ធ្លាប់បានជួយសម្របសម្រួលការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ចំពោះការវាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១ ដោយក្រុមអ្នកគាំទ្រលោក ត្រាំ។

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយ ចំពោះការបង្ហោះរបស់លោក ត្រាំ ខណៈដែលលោកស្រី Monaco ក៏មិនបានឆ្លើយតបជាបន្ទាន់ដែរ។ នេះបានគូសបញ្ជាក់ពីភាពតានតឹងដែលកំពុងតែកើតមានឡើងរវាងរដ្ឋបាលលោក ត្រាំ និងក្រុមហ៊ុនធំៗ ដែលពីមុនមកក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន រួមទាំង Microsoft ក៏បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយលោក ត្រាំ ក្នុងអាណត្តិទីពីររបស់លោកផងដែរ៕