រថយន្តអគ្គិសនីចិន Yangwang U9 Xtreme របស់ BYD បំបែកកំណត់ត្រាល្បឿនពិភពលោក វ៉ាដាច់រថយន្ត Bugatti
28-09-2025 10:05
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តចិន BYD បានសរសេរឡើងវិញនូវប្រវត្តិសាស្ត្ររថយន្ត ដោយបានបំបែកកំណត់ត្រាល្បឿនដ៏យូរអង្វែងរបស់ក្រុមហ៊ុន Bugatti តាមរយៈរថយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ខ្លួន គឺ Yangwang U9 Xtreme ដែលឥឡូវនេះត្រូវបានគ្រងតំណែងជារថយន្តផលិតលក់លឿនបំផុតក្នុងពិភពលោក។

ក្នុងអំឡុងពេលធ្វើតេស្តល្បឿនលឿនបំផុតនៅប្រទេសអាល្លឺម៉ង់ រថយន្តអគ្គិសនី hypercar មួយនេះ បានបង្កើនល្បឿនដល់កម្រិតដ៏អស្ចារ្យ ៤៩៦.២២ គីឡូម៉ែត្រ/ម៉ោង ដែលលើសល្បឿន ៤៩០ គីឡូម៉ែត្រ/ម៉ោង របស់រថយន្ត Bugatti Chiron Super Sport ដោយលោក Marc Basseng អ្នកបើកបរសាកល្បងអាជីពជនជាតិអាល្លឺម៉ង់។ លោក Marc Basseng បានបញ្ជាក់ថា ការបំបែកកំណត់ត្រានេះគឺដោយសារតែបច្ចេកវិទ្យាវិស្វកម្មអគ្គិសនីដ៏ទំនើបរបស់ BYD។
ថយន្ត Yangwang U9 Xtreme មានបំពាក់ ម៉ូទ័រអគ្គិសនីចំនួន ៤ ដែលផ្តល់កម្លាំងសរុបរហូតដល់ ២,៩៥៩ សេះ (bhp)។ វាប្រើប្រាស់ប្រព័ន្ធអគ្គិសនី ១,២០០ វ៉ុល និងបំពាក់នូវបច្ចេកវិទ្យា Suspension និង DiSus-X ដែលអាចគ្រប់គ្រងតួខ្លួនរបស់រថយន្តយ៉ាងសកម្ម និងមានភាពលំនឹងខ្ពស់ក្នុងល្បឿនខ្លាំង។ ប្រើប្រាស់សំបកកង់ semi-slick ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីផ្តល់នូវថាមពលឆៅ និងការលំនឹងនៅល្បឿនខ្ពស់បំផុត។
ក្រៅពីកំណត់ត្រាល្បឿនលឿនបំផុត រថយន្តនេះក៏បានបំបែកកំណត់ត្រាជុំសម្រាប់រថយន្ត EV ផលិតលក់នៅឯផ្លូវប្រណាំង Nürburgring Nordschleife ជាមួយនឹងថិរវេលា ៦ នាទី ៥៩.១៥៧ វិនាទី ផងដែរ។
ភាពជោគជ័យនេះបានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងក្លាយជាអ្នកដឹកនាំក្នុងពិភពរថយន្តល្បឿនលឿន (Hypercar) ដោយបានផ្លាស់ប្តូរនិយមន័យនៃសមត្ថភាព និងល្បឿននៅក្នុងយុគសម័យយានយន្តអគ្គិសនី៕
Link Video: https://www.facebook.com/watch/?mibextid=wwXIfr&v=2375780656173702&rdid=fzKbMxgvp76pVYcO