ធនាគារ «វីង» បើកឱកាសការងារយ៉ាងទូលំទូលាយ និងកក់ក្ដៅ ដល់យុវជនពិការភាព គ-ថ្លង់ ចំនួន៥រូប

28-09-2025 14:50

(ភ្នំពេញ)៖ នៅក្នុងទីក្រុងភ្នំពេញដ៏អ៊ូអរ សំឡេងមនុស្សជជែកគ្នាលាន់ឮគ្រប់ទីកន្លែង។ នៅក្នុងចំណោមការទំនាក់ទំនងប្រចាំថ្ងៃប្រកប ដោយសូរសព្ទសន្ទនាដ៏រស់រវើកទាំងនោះ ក៏មានរឿងរ៉ាវ មួយត្រូវ បានលាតត្រដាងតាមរយៈកាយវិការនៃភាសាសញ្ញា និងការតាំងចិត្តដ៏មោះមុតនៃអ្នកប្រើប្រាស់ភាសាសញ្ញាទាំងនោះពិតជាគួរឱ្យស្ងើចសរសើរ។
ចំពោះ លោក គឺម ទៀង មានអាយុ ៣៧ ឆ្នាំ ជីវិតរបស់លោក បានផ្លាស់ប្តូរទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ ២០២៤ ក្រោយពេលដែលលោក បានប្តូរការងារពីហាងកាហ្វេមួយ មកកាន់តួនាទីថ្មីនៅធនាគារ វីង។ មិត្តភក្តិម្នាក់បានណែនាំឱកាសការងារ នេះទៅលោក ប៉ុន្តែការផ្លាស់ប្តូរនេះពិតជាមិនងាយស្រួលនោះទេ។

លោក គឺម ទៀង បានរំឭកដោយស្នាមញញឹមថា «ដំបូងឡើយពិតជាពិបាកខ្លាំងណាស់។ ខ្ញុំត្រូវរៀនអ្វីថ្មីៗជា ច្រើនណាស់។ ប៉ុន្តែឥឡូវនេះ អ្វីៗមានភាពងាយស្រួល និងធម្មតាទៅហើយ»។ លោក គឺម ទៀង និងសហការីរបស់លោក ទទួលបានការបណ្តុះបណ្តាលជាច្រើន អំពីផលិតផល សេវាកម្ម និងវិធីសាស្រ្ត បំពេញការងារនានានៅ ក្នុងធនាគារ វីង ដោយទទួលបានមិនត្រឹមតែចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងទទួលបានភាពជឿជាក់ក្នុងការអភិវឌ្ឍខ្លួនឯងឱ្យកាន់តែរីកចម្រើនទៀតផង។ សម្រាប់លោក គឺម ទៀង អ្វីដែលល្អបំផុតមិនមែន ត្រឹមតែជា ចំណេះដឹងដែលលោកបានរៀននៅធនាគារ វីង ប៉ុន្តែគឺអារម្មណ៍នៃភាពកក់ក្តៅ និងការឱ្យតម្លៃដូចក្នុងគ្រួសារអញ្ចឹងដែរ។ លោក គឺម ទៀង និយាយដោយសាមញ្ញថា «ភាពកក់ក្តៅបែបនេះ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាដូចបានជួបជុំជាមួយគ្រួសារអ៊ីចឹង»

ចំណែកឯកញ្ញា ញ៉ុង ឈុនឡុង បានរៀបរាប់ថា នៅធនាគារ វីង នាងទទួលបានលើសពីឱកាសការងារ។ ជារៀងរាល់ថ្ងៃ នាងតែងតែភ្ញាក់តាំងពីព្រឹកព្រលឹម ដើម្បីជូនក្មួយទៅសាលារៀន ដោយធ្វើដំណើរពីផ្ទះដែលនាង កំពុង រស់នៅជាមួយម្តាយ និងប្អូនស្រីពីរនាក់ ក៏ដូចជា បន្តការសិក្សារៀនសូត្រថ្នាក់បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងខណៈកំពុង បំពេញការងារនៅធនាគារ វីង។ ប្អូនស្រីម្នាក់របស់នាង គ-ថ្លង់ដូចនាង។​ រីឯម្នាក់ទៀតអាចស្តាប់និងនិយាយបានធម្មតា។ ពួកគេប្រាស្រ័យទាក់ទងដោយប្រើប្រាស់ភាសាសញ្ញា ជាមួយការយកចិត្តទុកដាក់ និងការតាំងចិត្តដ៏មោះមុតចំពោះគ្នាទៅវិញទៅមក។

កញ្ញា ឈុនឡុង បានចែករំលែកថា «ខ្ញុំពិតជាពេញចិត្តបរិយាកាស ការងារនៅធនាគារ វីង នេះណាស់ ព្រោះមានមិត្តរួមការងារដែលយល់ពីខ្ញុំ។ វាពិបាកណាស់ក្នុងការស្វែងរកកន្លែងធ្វើការដែលងាយស្រួល ទំនាក់ទំនងបែបនេះ»។ សម្រាប់កញ្ញា ឈុនឡុង ការងារនេះបានផ្តល់ឱ្យនាងនូវឯករាជ្យភាពការគាំទ្រផ្សេងៗ និងភាពជឿជាក់ក្នុងការចាប់យកក្តីស្រមៃធំជាងមុន។

គំនិតផ្តួចផ្តើមនេះ ត្រូវបានដឹកនាំដោយលោក Arunava Dasgupta នាយកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន នៃធនាគារ វីង ដែលតែងតែគាំទ្រ និងលើកកម្ពស់រិយាបន្ននិយោជិតនៅកន្លែងធ្វើការ។

លោក Arunava បានលើកឡើងថា​«ពួកគេយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារបានយ៉ាងល្អ។ សហការីរបស់យើងមានការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវពេញលេញដូចសមាជិកក្រុមដទៃទៀតដែរ។ នេះបង្ហាញឱ្យឃើញថា ការរួមបញ្ចូលគ្នាមិនមែនជាការបន្ទាបតម្លៃស្តង់ដារការងារនោះទេ តែជាការផ្តល់ឱកាសមួយ ដែលអាចឱ្យយុវជនខ្មែរគ្រប់រូប ទោះប្រើភាសានិយាយ ឬភាសាសញ្ញាក៏ដោយ ពួកគាត់សុទ្ធតែអាចទទួលឱកាសរីកលូតលាស់បានដូចគ្នា»

ធនាគារ វីង គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមបញ្ចូលបុគ្គលិកពិការភាព គ-ថ្លង់ ទៅក្នុងប្រតិបត្តិការបម្រើសេវាអតិថិជនរបស់ខ្លួន ដែលជាគំនិតផ្តួចផ្តើមគួរឱ្យសរសើរ លើសពីការ ប្តេជ្ញាចិត្តចំពោះអតិថិជន ពោលគឺថែមទាំងរួមចំណែកធ្វើឱ្យប្រសើរឡើងនៅក្នុងសហគមន៍ទៀតផង។

លោកបានបន្តទៀតថា «យើងកំពុងខិតខំបំបាត់រាល់ឧបសគ្គដែលរារាំងដល់ការលើកកម្ពស់ការរួមបញ្ចូលគ្នា។ យើងខ្ញុំតែងតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់យើងយ៉ាងជាប់លាប់ ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាតម្លៃស្នូល WINGER របស់យើង តាមរយៈការគោរព និងការបំពាក់បំប៉នដល់សហគមន៍សហគមន៍គ-ថ្លង់ យើងអាចបង្កើតបាននូវភាពរីកចម្រើន និងគំនិតច្នៃប្រឌិត ដែលផ្តល់ប្រយោជន៍ដល់សហគមន៍ទាំងមូល»

តាមរយៈការជួយគាំទ្រដល់បុគ្គលិកដែលមានពិការភាពបែបនេះ ឱ្យមានសមត្ថភាពក្នុងការងារដឹកនាំ ការទំនាក់ទំនង ហើយអាចបម្រើសេវាកម្មអតិថិជនបានល្អប្រសើរ ធនាគារ វីង កំពុងរួមចំណែកក្នុងការបំបាត់នូវរនាំងឧបសគ្គផ្សេងៗ ចំពោះពួកគេ ហើយបង្ហាញឱ្យឃើញ ថាសំឡេងរបស់មនុស្សគ្រប់រូប មិនថាការនិយាយ ឬប្រើភាសាសញ្ញាក៏ដោយ គួរតែត្រូវបានគេទទួលដឹងដូចគ្នា។

យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៣ មានប្រជាជនកម្ពុជាប្រមាណ ១០៣.០០០ នាក់ ដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ មានការពិបាកក្នុងការស្តាប់។ ក្នុងចំណោមនោះ ប្រហែល ១៥៣.០០០ នាក់ មានការពិបាកខ្លាំងក្នុងការស្តាប់ ខណៈប្រហែល ១៧.០០០ នាក់ មិនអាចស្តាប់ឮទាំងស្រុង។

ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មក បុគ្គលិកគ-ថ្លង់ចំនួន ៥នាក់ បានចូលបម្រើការងារនៅធនាគារ វីង ដោយពួកគេម្នាក់ៗទទួលបានការយកចិត្តទុកដាក់ស្នើៗគ្នា ហើយទទួលបានអត្ថប្រយោជន៍ពេញលេញទៀតផង។ សម្រាប់ពួកគេឱកាសការងារនេះ មិនត្រឹមតែផ្តល់នូវប្រាក់ខែនោះទៀត ប៉ុន្តែ គឺជាមិត្តភាព ការទទួលស្គាល់ និងសេចក្តីថ្លៃថ្នូរតាមរយៈការផ្តល់តម្លៃលើសមត្ថភាពរបស់ពួកគេ ដោយ មិនមែនផ្តោតលើ តែចំនុច ខ្វះខ្វាតរបស់ពួកគេឡើយ។

យុវជនមួយរូបទៀត គឺលោក ប៉េង គីមហៃ ដែលមានអាយុ ៣៤ឆ្នាំ បានរៀបរាប់ថា ការងារនៅធនាគារជាផ្នែកមួយនៃជីវិតរបស់រូបគេ។ ក្រោយចប់ម៉ោងការងារ លោកតែងតែចំណាយពេល ជួសជុលគ្រឿងសង្ហារឹម ឬលេងកីឡាវាយសី និងបាល់ទាត់ជាមួយមិត្តរួមការងារ។ នេះគឺជាតុល្យភាពដ៏ល្អមួយរវាងការងារ ភាពច្នៃប្រឌិត និងភាពស្និទ្ធស្នាលជាមួយសហការី ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃពោរពេញដោយភាពរីករាយ និងក្តីសង្ឃឹម។

ក្នុងឱកាសដែលពិភពលោកប្រារព្ធទិវាអន្តរជាតិសម្រាប់ជនពិការភាពគ-ថ្លង់ លោក Arunava សង្ឃឹមថាគ្រប់គ្នា នឹងឆ្លៀតពេលគិតពិចារណា ហើយចាប់ផ្តើមយកចិត្តទុកដាក់ទៅលើពួកគេ ដោយការយោគយល់ ហើយត្រូវទទួលស្គាល់ថា ការផ្តល់ឱកាសឱ្យពួកគេចូលរួមគឺចាប់ផ្តើមពីការស្តាប់ប្រាស្រ័យទាក់ទងគ្នា៕