យល់ដឹងផ្នែកច្បាប់៖ របបពាក់កណ្តាលសេរីភាព
28-09-2025 16:50
(ភ្នំពេញ)៖ ការផ្តន្ទាទោសចំពោះជនដែលបានប្រព្រឹត្តបទល្មើសមិនថាទោសអតិបរមា ឬអប្បបរមាទេ គឺជាការសម្រេចដែលត្រឹមត្រូវបំផុត ដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ល្អ ក៏ដូចជាសុខសន្តិភាពនៅក្នុងសង្គម ។ ប៉ុន្តែរាល់ការផ្តន្ទាទោសទៅលើជនដែលប្រព្រឹត្តបទល្មើស តុលាការតែងមានការយកចិត្តទុកដាក់ចំពោះការកែប្រែកំហុស និងអនុញ្ញាតឱ្យទណ្ឌិតអាចរក្សាបាននូវឪកាសត្រឡប់មកកសាងខ្លួនជាថ្មីឡើងវិញ តាមរយៈការបន្ធូរបន្ថយក្នុងការអនុវត្តទោស ។

ហេតុនេះហើយ ដើម្បីអាចបន្ធូរបន្ថយដល់ការអនុវត្តទោសបាន តុលាការត្រូវពិចារណាលើស្ថានភាពមួយចំនួនរបស់ទណ្ឌិត មុននឹងសម្រេចឱ្យអនុវត្តទោសក្រោមរបបពាក់កណ្តាលសេរីភាពបាន ។
តើរបបពាក់កណ្តាលសេរីភាពមានន័យដូចម្តេច? ដើម្បីឱ្យតុលាការអាចប្រកាសរបបពាក់កណ្តាលសេរីភាពបាន តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
ដើម្បីស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «របបពាក់កណ្តាលសេរីភាព» មកធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជន ដូចតទៅ។
យោងតាមមាត្រា ១២៧ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា កាលណាតុលាការប្រកាសទោសដាក់ពន្ធនាគារតិចជាង ឬស្មើនឹង ៦ (ប្រាំមួយ) ខែ តុលាការអាចសម្រេចថា ទោសត្រូវអនុវត្តក្រោមរបបពាក់កណ្តាលសេរីភាព ដើម្បីអនុញ្ញាតឱ្យ ទណ្ឌិត អាចបំពេញសកម្មភាពវិជ្ជាជីវៈ ទទួលការសិក្សា ឬការបណ្តុះបណ្តាល ឬការពិនិត្យព្យាបាលជំងឺ ឬជួយឧបត្ថម្ភដល់សេចក្តីត្រូវការរបស់គ្រួសារ។ ទណ្ឌិតដែលស្ថិតក្រោមរបបពាក់កណ្តាលសេរីភាព ត្រូវបានអនុញ្ញាតឱ្យចេញពីពន្ធនាគារ ក្នុងរយៈពេលជាកំណត់ណាមួយ ដោយតុលាការត្រូវកំណត់នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន អំពីថ្ងៃ និងម៉ោងដែលទណ្ឌិតត្រូវបានអនុញ្ញាតឱ្យអវត្តមាននៅក្នុងពន្ធនាគារ។
ទោះបីជាទណ្ឌិតស្ថិតនៅក្រោមរបបពាក់កណ្តាលសេរីភាព ត្រូវបានអនុញ្ញាតឱ្យអវត្តមាននៅពន្ធនាគារ ក៏ត្រូវគិតបញ្ចូលទៅក្នុងថិរវេលានៃទោសដែលកំពុងអនុវត្តនោះ ពីព្រោះថានៅក្នុងអំឡុងពេលនៃរបបពាក់កណ្តាលសេរីភាព ដោយការអនុញ្ញាតឱ្យទណ្ឌិតអាចចេញក្រៅពន្ធនាគារបាន ក៏ត្រូវបានរាប់ទុកថារយៈពេលនៃការអនុវត្តទោសដែរ។
ប៉ុន្តែករណី ដែលទណ្ឌិតពុំអនុវត្តកាតព្វកិច្ចទាំងឡាយដែលបានដាក់កំហិត ឬប្រព្រឹត្តខ្លួនខុសពីការកំណត់ណាមួយតុលាការអាចរៀបចំ ឬលុបចោលនូវរបបពាក់កណ្តាលសេរីភាព បានគ្រប់ពេលវេលា តាមបណ្តឹងរបស់ព្រះរាជអាជ្ញា (មាត្រា ១៣០ នៃក្រមព្រហ្មទណ្ឌ) ។ ព្រះរាជអាជ្ញាអាចបង្គាប់ឱ្យចាប់ និងឃុំខ្លួនទណ្ឌិត ដែលមិនព្រមវិលត្រឡប់មកពន្ធនាគារតាមពេលកំណត់នៃរបបពាក់កណ្តាលសេរីភាព។
សរុបជារួម ការអនុវត្តរបបពាក់កណ្តាលសេរីភាព គឺអាចអនុវត្តបានតែចំពោះ ទោសដាក់ពន្ធនាគារតិចជាង ឬស្មើនឹង ៦ (ប្រាំមួយ) ខែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត តុលាការត្រូវពិនិត្យទៅលើស្ថានភាពបទល្មើសរបស់ទណ្ឌិត ភាពចាំបាច់ដែលមិនអាចខកខានបានដូចជាជួយសម្រួលទណ្ឌិតដែលស្ថិតក្នុងវ័យសិក្សា ករណីត្រូវមានការព្យាបាលជំងឺ ឬករណីយកិច្ចចិញ្ចឹមបីបាច់គ្រួសារជាដើម មុននឹងសម្រេចអនុវត្តរបបពាក់កណ្តាលសេរីភាព។
យ៉ាងណាមិញ នៅប្រទេសកម្ពុជា ការអនុវត្តរបបពាក់កណ្តាលសេរីភាព មិនទាន់មានការអនុវត្តនៅឡើយទេ ដោយតុលាការមើលឃើញពីផលវិបាកនានា ដែលអាចកើតមាន និងមិនអាចប៉ាន់ប្រមាណបាន ពីការវិលត្រឡប់ចូលពន្ធនាគារវិញតាមពេលវេលាកំណត់របស់ទណ្ឌិត។
រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងលោក អុីវ ឆាយហេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕