Pulisic ស៊ុតបាន ១គ្រាប់ឱ្យ AC Milan ដើម្បីបញ្ចប់កំណត់ត្រាលេងមិនចាញ់របស់ Napoli

29-09-2025 10:02

(បរទេស)៖ ប្រធានក្រុមជម្រើសជាតិអាមេរិក Christian Pulisic រកបាន ១គ្រាប់នៅនាទី៣១ ក្នុងជ័យជម្នះ ២ទល់នឹង១ របស់ AC Milan ទៅលើក្រុមការពារតំណែងជើងឯក Serie A ពពកស Napoli និងជាការបរាជ័យលើកដំបូងរបស់ពួកគេផងដែរ។

អតីតខ្សែប្រយុទ្ធក្លឹបតោខៀវ Chelsea រូបនេះរកបាន ៤គ្រាប់មកហើយក្នុងលីគ Serie A ជាមួយ AC Milan រដូវកាលនេះ បន្ទាប់ពីមិត្តរួមក្រុម Saelemaekers រកបានគ្រាប់បែកពងមាន់ត្រឹមចាប់ផ្តើមលេងបានតែ ៣នាទីប៉ុណ្ណោះ។សមាជិកថ្មី Kevin De Bruyne ជាអ្នករកបានតែ ១គ្រាប់ដោយបាល់ប៉េណាល់ទី ពីការបង្កកំហុសរបស់ Estupinan និងបានទទួលកាតក្រហមក្នុងនាទី៥៧។

តាមរយៈ ៣ពិន្ទុក្នុងដីនេះដែរ បានញាំងឱ្យក្រុមរបស់លោក Massimiliano Allegri ឡើងទៅឈរទីកំពូលតារាង Serie A ជាបណ្តោះអាសន្នវិញត្រឹមសប្តាហ៍ទី៥ ជើងទី១ ដោយមាន ១២ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ Napoli របស់លោក Antonio Conte ដោយសារឈ្នះគ្រាប់បាល់ចំណេញ។

ជាមួយគ្នានោះ Roma ក៏មាន ១២ពិន្ទុឈរនៅលេខ៣ ផងដែរ ដោយមានស្ថិតិឈ្នះ៤ និងចាញ់១ ដូចទៅនឹង AC និង Napoli បន្ទាប់ពីខ្សែប្រយុទ្ធ Artem Dovbyk និង Matias Soule ស៊ុតបានម្នាក់ ១គ្រាប់យកឈ្នះ Hellas Verona ២-០ ផងនោះ៕