Murphy ផ្តួល McGill ដើម្បីលើកពាន British Open ជាលើកដំបូង អមដោយប្រាក់រង្វាន់ ១០ម៉ឺនផោន

29-09-2025 10:40

(ឡុងដ៍)៖ កីឡាករស្នូកឃ័រ Shaun Murphy បានស្គាល់រសជាតិពាន British Open ជាលើកដំបូងក្នុងអាជីព ដោយបានយកឈ្នះគូប្រជែងមកពីស្កុតឡេន Anthony McGill ១០-៧ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

អតីតជើងឯកពិភពលោក ឆ្នាំ២០០៥ សញ្ជាតិអង់គ្លេសរូបនេះធ្វើបានចាប់ពី ១០០ពិន្ទុឡើងទៅចំនួន ៣លើក ជាមួយបើទោះបីជាអូសបន្លាយមានដល់ទៅ ១៧ហ្វ្រេមសរុបក៏ដោយ។

ក្នុងជំនួបដណ្តើមពានដ៏ស្វិតស្វាញនោះដែរ Murphy មិនបាននាំមុខហ្វ្រេមណាមួយឡើយ ពោលគឺត្រូវរង់ចាំដល់ហ្វ្រេមទី៩ ទើបអាចនាំមុខ ៥-៤ ដោយមានពិន្ទុជ័យជម្នះតែ ៧៨ពិន្ទុប៉ុណ្ណោះ។

ទោះជាយ៉ាងណា McGill ដែលបានធ្លាក់ទៅឈរនៅលេខរៀងទី៥៧ ពិភពលោកបច្ចុប្បន្ន និងបានលេងវគ្គផ្តាច់ព្រ័ត្រលើកដំបូង ក្នុងរយៈពេល ៨ឆ្នាំផងនោះ បានរងសម្ពាធពី Murphy ដោយចាញ់ ៤ហ្រ្វេមជាប់ៗគ្នាតែម្តង និងជាជ័យជម្នះលើកដំបូងរបស់កីឡាករអង់គ្លេស នៃក្របខណ្ឌប្រជែងចំណាត់ថ្នាក់ ក្នុងរយៈពេល ២៦ខែរបស់ Murphy។

ឆ្លងតាមជ័យជម្នះនេះ Shaun Murphy ទទួលបានពានប្រចាំកម្មវិធី British Open 2025 ចំនួន១ និងអមដោយប្រាក់រង្វាន់ ១០០,០០០ផោន នៅពេលដែលជើងឯករង McGill ទទួលបានប្រាក់រង្វាន់ ៤៥,០០០ផោន ត្រឡប់ទៅផ្ទះវិញផងដែរ៕