ក្រុមហ៊ុន JTI មានមោទកភាព ចូលរួមគាំទ្រទំនិញសម្គាល់ភូមិសាស្ត្រ (GI) និងម៉ាកសមូហភាព នៅពិព័រណ៍ផលិតផលខ្មែរ  “ខ្មែរធ្វើបាន” ដើម្បីជំរុញ គាំទ្រផលិតផលក្នុងស្រុក

29-09-2025 10:57

(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាង នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន JTI ទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI) និងម៉ាកសមូហភាព រួមមាន៖ «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» «ក្រូចថ្លុងកោះទ្រង់់» «ទឹកឃ្មុំព្រៃមណ្ឌលគិរី» «អំបិលកំពតកែប» «ទឹកត្រីកំពតកែប» «បង្កងតាកែវ» និង«ប្រហុកសៀមរាប» ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ចំនួន ៦បន្ថែមទៀត រួមមាន៖ «Malys Angkor» «ថ្នាំជក់កម្ពុជា» «ក្រូចថ្លុងកោះពីរ» «ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល» «សំបុកត្រចៀកកាំកម្ពុជា» និង «អំបុកកំពង់ធំ» បានដាក់តាំងបង្ហាញដល់សាធារណជនទូទៅក្នុង ពិធីតាំងពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន»៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅកោះពេជ្រអគារ G-L។

ក្រុមហ៊ុន JTI មានមោទនភាពក្នុងការចូលរួមគាំទ្រ ពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដើម្បីដាក់បង្ហាញម៉ាកសមូហភាពសន្លឹកថ្នាំជក់កម្ពុជា មកពីខេត្តត្បូងឃ្មុំ ដែលគម្រោងគាំទ្រម៉ាកសមូហភាពថ្នាំជក់នេះ គឺជាផ្នែកមួយនៃការសហការរវាងក្រុមហ៊ុន JTI និងក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ និងការពារកេរ្តិ៍ឈ្មោះ និងគុណភាពនៃថ្នាំជក់នៅកម្ពុជា ឲ្យឈានដល់កម្រិតអន្តរជាតិ។

នាឱកាសនោះផងដែរ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានផ្តល់កិច្ចសម្ភាសន៍ ដោយលោកសង្កត់ធ្ងន់ថា «យើងខ្ញុំមានក្តីរំភើបជាក្រៃលែង ដែលបានពាំនាំមកសាជាថ្មីនូវការដាក់តាំងលក់ទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI) និងម៉ាកសមូហភាព មកពីតំបន់ផ្សេងៗទូទាំងប្រទេសកម្ពុជា ជូនបងប្អូន ឲ្យបានស្គាល់ និងគាំទ្រផលិតផលខ្មែរដែលមានគុណភាពខ្ពស់ ទទួលបានការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព។ ខ្ញុំឃើញថា ការគាំទ្រពីបងប្អូនខ្មែរមានសន្ទុះទ្វេរដង គួរឲ្យកត់សម្គាល់។ ឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យនាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ក្រុមហ៊ុន JTI មិនថាតែទៅលើការជួយរៀបចំស្តង់ពិព័រណ៍សម្រាប់ដាក់តាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ក៏ដូចជាការគម្រោងម៉ាកសមូហភាពសន្លឹកថ្នាំជក់កម្ពុជាទាំងមូល»។

លើសពីនេះ ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ប្រារព្វឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីសំណាក់បណ្តារដ្ឋមន្រ្តី គណៈប្រតិភូអមដំណើរ និងសមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋខ្មែរផងដែរ។ ពិព័រណ៍នេះក៏មានការរៀបចំ៖ ១) វេទិកាចែករំលែកពីចំណេះដឹង បទពិសោធ និងទស្សនៈ និង ២) ពិព័រណ៍ស្មារតីរួបរួមជាតិ បង្ហាញការចូលរួម គាំទ្រ ផ្តល់កម្លាំងចិត្ត និងរួបរួមគ្នាក្នុងស្មារតី «ខឿនការពារជាតិប្រជាជន»៕