ភ្នំពេញក្រោន ប្រើពេលជិត ១០០នាទី ដើម្បីបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ព្រះខ័នរាជស្វាយរៀង ក្នុងលីគកំពូលកម្ពុជា

29-09-2025 11:05

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជ័យជម្នះ ៥ប្រកួតជាប់ៗគ្នា ក្រុមព្រះខ័នរាជស្វាយរៀង បានស្គាល់បរាជ័យលើកដំបូង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដោយចាញ់ក្រុមភ្ញៀវភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ ក្រោយជំនួបដ៏តានតឹងជិត ១០០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីរាត្រីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ។

ជំនួបដ៏ជក់ចិត្តរវាងបេក្ខភាពលេងពាន AFC Challenge League ទាំងពីរ កីឡាករ សារ ទី បានរកគ្រាប់នាំមុខឲ្យភ្នំពេញក្រោន ១គ្រាប់មុន នៅនាទី៤២ មុនព្រះខ័នរាជស្វាយរៀង វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Cristian Dos Santos នៅនាទី៦៣ និងកីឡាករ Peprah Kwame នៅនាទី៦៥ ប៉ុន្ដែភ្លាមៗ កីឡាករ Tellez Melendez Makerlo ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមសិង្ហក្រហមវិញ នៅនាទី៦៦។

ក្រោយរកបានគ្រាប់ស្មើគ្នា ក្រុមទាំងពីរ បានវាយសម្រុកគ្នាកាន់តែខ្លាំង ក្នុងក៏មានការប៉ះទង្គិចគ្នាជាហូរហែ រហូតមានការពិន័យកាតលឿងជាច្រើន ។ យ៉ាងណាការប្រកួតនៅតែបន្ដធម្មតា រហូតដល់ចុងម៉ោងបន្ថែម ដោយសារការបង្កកំហុសរបស់ខ្សែការពារ Odawara ក្នុងប្រអប់គ្រោះថ្នាក់ បានផ្ដល់ឱកាសឲ្យកីឡាករ Dyer Moses John ស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចឲ្យភ្នំពេញក្រោន នាំមុខវិញ នៅនាទី៩០+៩ ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ។

ជាមួយការបរាជ័យលើកដំបូងក្នុងលីគ លោក Mattew Mcconkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា កើតចេញពីការបង្កកំហុសរបស់ក្រុម ពិសេសការមិនអាចចាប់ឱកាសបញ្ចប់ទីជាច្រើននៅវគ្គទី១ ផ្ទុយពីភ្នំពេញក្រោន ដែលតែងធ្វើបានសម្រេច រាល់ពេលពួកគេមានឱកាស។ មិនតែប៉ុណ្ណោះ លោកក៏ហាក់បន្ទោសកូនក្រុម សម្រាប់ការយឺតយ៉ាវក្នុងការរារាំងបាល់នៅចុងម៉ោង(ទាត់បាល់ចេញ) ដែលបង្កឲ្យមានកំហុស និងកើតមានបាល់ពិន័យ ១ម៉ែត្រទៀតផង។

គិតត្រឹមសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះដែរ ទោះបីព្រះខ័នរាជស្វាយរៀង រងបរាជ័យ តែក្រុមការពារតំណែងជើងឯក នៅតែរក្សាតំណែងកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ១៥ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ ៥ និងចាញ់ ១ គ្រាដែលភ្នំពេញក្រោន តាមពីក្រោយរកបាន ១១ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួតឈ្នះ ៣ និងស្មើ២ ស្មើបឹងកេត ដែលរកបាន ១១ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ ៣ ស្មើ ២ និងចាញ់ ១។ ឯណាហ្គាវើលដ៏ ឈរលេខ៤ រកបាន ១០ពិន្ទុ ឈរលើក្រុមអង្គរថាយហ្គឺរ និងកងយោធពលខេមរភូមិន្ទ ដែលឈរលេខ៥ និងលេខ៦ រកបាន ៩ពិន្ទុស្មើគ្នា៕