កម្មករ Toyota ប្រេស៊ីល ជិត ៩៧% បោះឆ្នោតយល់ព្រមឈប់សម្រាកបណ្ដោះអាសន្ន ដោយមានការធានាទទួលបានប្រាក់ខែពេញ
29-09-2025 14:34
(បរទេស)៖ កម្មកររបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន តូយ៉ូតា (Toyota) ក្នុងប្រទេសប្រេស៊ីល ជាង ៩៦% បានបោះឆ្នោតអនុម័តយ៉ាងច្រើនលើសលប់លើផែនការ ឈប់សម្រាកបណ្ដោះអាសន្ន បន្ទាប់ពីរោងចក្រផលិតម៉ាស៊ីនមួយបានរងការខូចខាតធ្ងន់ធ្ងរដោយសារព្យុះ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

កាលពីថ្ងៃទី ២២ ខែកញ្ញាកន្លងទៅ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះបានបោកបក់បំផ្លាញយ៉ាងដំណំដល់រោងចក្រ Porto Feliz ដែលជាកន្លែងផលិតម៉ាស៊ីនរថយន្ត។ ការខូចខាតនេះបានបង្ខំឱ្យក្រុមហ៊ុនត្រូវ បញ្ឈប់ទាំងស្រុង នូវការផលិតនៅរោងចក្រនោះ ក៏ដូចជាការដំឡើងរថយន្តនៅរោងចក្រ Sorocaba (ជាកន្លែងដំឡើងរថយន្ត Yaris, Corolla និង Corolla Cross) ផងដែរ។
ក្រុមហ៊ុន Toyota បានបញ្ជាក់ថា ខ្លួនកំពុងវាយតម្លៃការខូចខាត ហើយរំពឹងថាត្រូវចំណាយពេល ច្រើនខែ ទើបការងារអាចបន្តបានឡើងវិញ។ ក្រុមហ៊ុនកំពុងស្វែងរក អ្នកផ្គត់ផ្គង់ម៉ាស៊ីនបម្រុង ពីអង្គភាព Toyota ក្នុងប្រទេសដទៃ ដើម្បីអាចបន្តការផលិតរថយន្តនៅរោងចក្រ Sorocaba និង Indaiatuba បាន។
យោងតាមសហជីពកម្មករ ការបោះឆ្នោតអនុម័តនេះគឺដើម្បី ការពារការងារ និងធានាប្រាក់ចំណូល របស់កម្មករអំឡុងពេលរោងចក្រជួសជុល។ សម្រាប់រយៈពេលនៃការឈប់សម្រាកបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមនៅថ្ងៃទី ២១ ខែតុលា ក្រោយរយៈពេលឈប់សម្រាកបន្ទាន់ ២០ ថ្ងៃ ហើយអាចបន្តជារៀងរាល់ខែរហូតដល់ ១៥០ ថ្ងៃ។ ជុំវិញការចរចា គឺក្រុមហ៊ុនបាន ធានាផ្តល់ប្រាក់ខែពេញលេញ ក្នុងអំឡុងពេលឈប់សម្រាក ដល់បុគ្គលិកទាំងអស់ដែលរកបានប្រាក់បៀវត្សរ៍សរុប រហូតដល់ ១០,០០០ រៀលប្រេស៊ីល (R$) ឬប្រហែល ១,៨៦៩.៣០ ក្នុងមួយខែ៕