CADA ផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុដូពីង ដល់អត្តពលិកវ័យក្មេង មុនចេញទៅប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន នាខែតុលា
29-09-2025 14:46
(ភ្នំពេញ)៖ ដោយមានការសម្របសម្រួល និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ហៅកាត់ថា CADA បានរៀបចំសិក្ខាសាលា ស្ដីពីការធ្វើតេស្ដក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិ ដល់អត្តពលិកជាអនីតិជន ដើម្បីយល់ដឹងអំពីផលប៉ះពាល់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង និងសារធាតុហាមឃាត់ក្នុងវិស័យកីឡាផ្សេងៗទៀត មុនចេញទៅប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាចុងខែតុលា ឆ្នាំ២០២៥ ខាងមុខ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានឲ្យដឹងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ សម្រាប់អត្តពលិកវ័យក្មេង ពិសេសសម្រាប់កីឡាករ-កីឡាការិនី ទើបមានបទពិសោធន៍ប្រកួតអន្ដរជាតិលើកដំបូង ដែលត្រូវស្វែងយល់ និងចូលរួមប្រយុទ្ធប្រឆាំងនឹងសារធាតុដូប៉ា ឬដូពីង ដែលត្រូវបានចាត់ទុកជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា ដើម្បីធានាបាននូវភាពស្អាតស្អំ ស្របតាមគោលការណ៍ Fair-Play និងគោលការណ៍ Clean Sport ក្នុងវិស័យកីឡាផង និងចៀសវាងនូវការភ័យខ្លាចផង។
លោកថា «សិក្ខាសាលានេះ រៀបចំឡើង ដើម្បីឲ្យប្អូនៗជាកីឡាករ-កីឡាការិនី ត្រូវយល់ដឹង តើអ្វីទៅ ការហាមឃាត់ ឬក៏អ្វីទៅ ដែលពួកគាត់ត្រូវប្រើប្រាស់ឥរិយាបថ និងចូលរួមសហការជាមួយទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក ដែលគេនឹងធ្វើការផ្ទាល់កំឡុងពេលប្រកួត។ ក្នុងការប្រកួត ពេលចូលដល់កន្លែងស្នាក់នៅ គេនឹងធ្វើតេស្ដកីឡាករ-កីឡាការិនីមួយចំនួន ហើយបើយើងអត់ដឹងមុន យើងអាចមានអារម្មណ៍ភ័យខ្លាច ។ មួយវិញទៀត ពេលបានមេដាយ ក៏ត្រូវធ្វើតេស្ដដែរ។ អ៊ីចឹងការបើកវគ្គនេះដើម្បីអប់រំ ព្រោះការប្រកួតកម្រិតអាស៊ី គឺជាការប្រកួតមួយដែលគេត្រូវគោរពយ៉ាងម៉ឹងម៉ាត់ លើគោលការណ៍ Fair-Play និងគោលការណ៍កីឡាស្អាតស្អំ (Clean Sport) ដែលជាគោលការណ៍សំខាន់របស់ចលនាអូឡាំពិក ដែលត្រូវគ្រប់គ្រង អនុវត្ត និងដឹកនាំដោយទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក»។
«ឥលូវនេះ CADA គាត់មកធ្វើការអប់រំទៅលើចំណុចសំខាន់ៗលម្អិត ទៅលើអ្វីដែលជាកាតព្វកិច្ចកីឡាករ-កីឡាការិនីវ័យក្មេងរបស់យើងត្រូវតែយល់ដឹង និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព ព្រោះវាពាក់ព័ន្ធទៅនឹងកិត្តិយសរបស់កីឡាករ-កីឡាការិនីផ្ទាល់ផង កិត្តិយសរបស់ជាតិផង ក៏ដូចជាពាក់ព័ន្ធនឹងការដាក់ទោសទណ្ឌ ទាំងកីឡាករ-កីឡាការិនីផ្ទាល់ផង ទាំងវិស័យកីឡាសាមីផ្ទាល់ផង ក៏ដូចជាប៉ះពាល់ដល់កិត្តិយសរបស់ជាតិផងដែរ។ នេះជារឿងមួយសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវក្នុងការចែករំលែកចំណេះដឹងដល់ពួកគាត់»។ លោក វ៉ាត់ ចំរើន បន្ថែម។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ដែលបារ៉ែននឹងធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ដោយកម្ពុជាត្រៀមបញ្ជូនប្រភេទកីឡាចំនួន ១៣ប្រភេទចូលរួម ហើយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបប្រមាណ ១៥០នាក់ ក្នុងនោះក៏មានប្រតិភូពិសេស រួមទាំងក្រុមសិល្បៈ និងក្បាច់គុនខ្មែរបុរាណ ដើម្បីសម្ដែងអបអរសាទរពិធីទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេន នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ផងដែរ៕