iPhone 17 ហាក់កំពុងរងការរិះគន់ លើបញ្ហាគុណភាពសំឡេងទូរស័ព្ទ ដែលជាមុខងារមូលដ្ឋាននៃស្មាតហ្វូន

29-09-2025 15:48

(បរទេស)៖ ថ្មីៗនេះ សារព័ត៌មាន Bloomberg បានរាយការណ៍ថា បន្ទាប់ពីបានទៅកាន់ហាងរបស់ Apple ធំៗនៅទីក្រុង New York, Hong Kong, Shanghai និង London ដើម្បីពិនិត្យមើលឧបករណ៍ iPhone 17 នៅទីតាំងបង្ហាញ គឺមានស្នាមឆ្កូតជាច្រើនអាចមើលឃើញនៅលើម៉ូឌែលជាច្រើន។ ស្នាមនោះកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីដាក់បង្ហាញ។ ស្នាមនោះ ត្រូវបានគេមើលឃើញនៅលើស៊ុមឬផ្នែកខាងក្រោយ ពេលប្រើឧបករណ៍សាក MagSafe និងប្រដាប់ដាក់ទូរស័ព្ទបញ្ឈរ ដែលហៅថា (protective ring stands)។

រីឯ The Verge ដែលជាសារព័ត៌មានបច្ចេកវិទ្យាថ្មីៗនៅអាមេរិក ក៏បានបញ្ជាក់ថា «មានការតវ៉ាថា ខាងជ្រុងអាលុយមីញ៉ូមជុំវិញកាមេរ៉ាមានភាពងាយរងនឹងការខូចខាត»។ បញ្ហានេះក៏កើតឡើងក្នុងពេលដែល Apple មិនបានណែនាំអំពីមុខងារ AI ដ៏ពិសេស នៅលើ iPhone 17 ទាំងឡាយ ដូចជាក្រុមហ៊ុន Samsung និង Google ដែលបានផ្តោតលើ AI នៅក្នុងស្មាតហ្វូន។ Apple ផ្ទាល់ បានផ្តោតលើការកែលម្អផ្នែកផ្នត់ដែក (hardware enhancement) ប៉ុន្តែការមិនពេញចិត្តក៏កើតឡើង ទោះបីជាជាផ្នែកដែល Apple បានផ្តោតការពង្រឹងក៏ដោយ។ ជាពិសេស Apple បានពិពណ៌នាថា អេក្រង់នៃ iPhone 17 មាន «ទំហំធំជាង, ភ្លឺស្ទើរបីដង និងធន់នឹងស្នាមឆ្នូតឬជ្រាបទឹកបានប្រសើរឡើងបីដង»

សម្រាប់ iPhone 17 Pro និង Pro Max Apple បាននិយាយថា «មានភាពធន់នឹងស្នាមឆ្កូតបានលើសពីបីដង ហើយផ្នែកខាងក្រោយប្រើកញ្ចក់ Ceramic Shield ដែលជាកញ្ចក់បានកែលំអរជាពិសេស ដើម្បីបន្ថែមភាពរឹងមាំ»។ ចំណែកឯ iPhone Air ដែលគេស្គាល់ថាជាម៉ូឌែលស្ដើងជាងគេក្នុងប្រវត្តិសាស្ត្រ iPhone ត្រូវបាន Apple និយាយថា វាត្រូវបានផលិតឲ្យរឹងមាំជាមួយស៊ុមទីតានដែលមានភាពរឹងមាំខ្ពស់។

បញ្ហាបន្ថែមមួយទៀតគឺ គុណភាពសំឡេងនៃការហៅទូរស័ព្ទ ក៏កំពុងបង្កើតការតវ៉ាពីអ្នកប្រើប្រាស់។ PhoneArena ដែលជាគេហទំព័រព័ត៌មានបច្ចេកវិទ្យាមួយបានបង្ហាញក្នុងការស្ទង់មតិថា ប្រហែល ៥០% នៃអ្នកប្រើ iPhone 17 ប្រឈមមុខនឹងបញ្ហាសេវាស្មាតហ្វូន រួមទាំងគុណភាពសំឡេងទូរស័ព្ទមិនល្អ ដោយបានបន្ថែមថា បញ្ហានេះកើតឡើងទូទាំងបណ្តាញទូរស័ព្ទធំៗនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុន MVNO ផ្សេងៗផងដែរ៕