X របស់លោក Musk នឹងប្តឹងឧទ្ធរណ៍ប្រឆាំងដីកាតុលាការឥណ្ឌា ជុំវិញការ «ព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការរឹតត្បិតការដកមាតិកា

30-09-2025 08:33

(បរទេស)៖ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានសម្តែងការ «ព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះសាលដីការបស់តុលាការឥណ្ឌាដែលបានច្រានចោលបណ្តឹងតវ៉ារបស់ខ្លួនទៅលើយន្តការថ្មីនៃការដកមាតិកា (content takedown) របស់ទីក្រុងញូវដេលី។ ក្រុមហ៊ុន X បានប្រកាសថាខ្លួននឹង ប្តឹងឧទ្ធរណ៍ ដើម្បីការពារសិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥។

X បានអះអាងថា យន្តការថ្មីដែលកំណត់ដោយរដ្ឋាភិបាលឥណ្ឌា «មិនមានមូលដ្ឋានច្បាប់» នោះទេ ហើយថែមទាំងរំលោភលើសេចក្តីសម្រេចរបស់តុលាការកំពូល និងរំលោភបំពានលើសិទ្ធិជាមូលដ្ឋាននៃសេរីភាពក្នុងការបញ្ចេញមតិរបស់ជនជាតិឥណ្ឌា។ ក្រុមហ៊ុនរបស់លោក Musk ចាត់ទុកប្រព័ន្ធថ្មីនេះថាជា ការត្រួតពិនិត្យ (censorship) ខណៈដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Narendra Modi បានលើកឡើងថា ចាំបាច់ត្រូវមានការរឹតបន្តឹងបែបនេះដើម្បីទប់ស្កាត់មាតិកាខុសច្បាប់ និងធានាគណនេយ្យភាពតាមប្រព័ន្ធអ៊ីនធឺណិត។

ជុំវិញភាពតានតឹងនេះ កាលពីសប្តាហ៍មុន ចៅក្រមឥណ្ឌាម្នាក់បានបញ្ជាក់យ៉ាងច្បាស់ថា៖ «រាល់វេទិកាទាំងអស់ដែលប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា «ត្រូវតែទទួលយកថា សេរីភាពភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ»»។

ជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការ X បានអះអាងថា៖ «X គោរព និងអនុលោមតាមច្បាប់ឥណ្ឌា... យើងមិនយល់ស្របដោយគោរពតាមទស្សនៈដែលថា យើងមិនមានសិទ្ធិលើកឡើងពីកង្វល់ទាំងនេះដោយសារតែការចុះបញ្ជីក្រុមហ៊ុនរបស់យើងនៅបរទេស...»។ គួរ​បញ្ជាក់​ថា បណ្តឹង​របស់ X នេះ​គឺ​សំដៅ​ទៅ​លើ​មូលដ្ឋាន​ទាំងមូល​នៃ​ការ​រឹត​បន្តឹង​បទប្បញ្ញត្តិ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ពិភពលោក៕