YouTube ព្រមព្រៀងបង់ប្រាក់ជាង ២៤លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងរបស់លោក ដូណាល់ ត្រាំ

30-09-2025 09:10

(បរទេស)៖ យូធូប (YouTube) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet បានយល់ព្រមបង់ប្រាក់ចំនួន ២៤,៥ លានដុល្លារអាមេរិក ដើម្បីដោះស្រាយបណ្តឹងដែលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្តឹងទៅលើក្រុមហ៊ុននេះជុំវិញការផ្អាកគណនីរបស់លោក បន្ទាប់ពីព្រឹត្តិការណ៍ចលាចលនៅវិមាន Capitol សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២១។ នេះ​បើយោង​តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះបានធ្វើឱ្យក្រុមហ៊ុន Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំចុងក្រោយគេក្នុងចំណោមក្រុមហ៊ុនធំៗទាំងបី ដែលបានដោះស្រាយបណ្តឹងរបស់លោក ត្រាំ ដែលបានប្តឹងកាលពីខែ​កក្កដា ឆ្នាំ២០២១ ដោយចោទប្រកាន់ពួកគេថាបានបិទមាត់ទស្សនៈអភិរក្សនិយមដោយខុសច្បាប់។

លោក ត្រាំ ក៏ធ្លាប់បានប្តឹងទៅលើក្រុមហ៊ុន Twitter (បច្ចុប្បន្នត្រូវបានគេស្គាល់ថាជា X) និងក្រុមហ៊ុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Facebook ក៏ដូចជាក្រុមហ៊ុន Google របស់ Alphabet និងនាយកប្រតិបត្តិរបស់ពួកគេកាលពីខែកក្កដា ឆ្នាំ២០២១ ផងដែរ។ ក្រុមហ៊ុន Meta និងក្រុមហ៊ុន X បានយល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងស្រដៀងគ្នានេះកាលពីដើមឆ្នាំនេះ។

ក្រោមកិច្ចព្រមព្រៀងដោះស្រាយបណ្តឹងរបស់ YouTube នេះ ទឹកប្រាក់ចំនួន ២២ លានដុល្លារ នឹងត្រូវបង់ជំនួសលោក ត្រាំ ទៅឱ្យមូលនិធិ Trust for the National Mall ដែលជា​អង្គការមិនរក​ប្រាក់​ចំណេញ ហើយត្រូវបានចែងនៅក្នុងឯកសារតុលាការថាជាមូលនិធិដែលត្រូវបានឧទ្ទិសដល់ការសាងសង់សាលធំទំហំ ២០០ លានដុល្លារ ដែលលោក ត្រាំ កំពុងសាងសង់នៅឯសេតវិមាន។ ការងារលើ​អាគារទំហំ ៩០.០០០ ហ្វីតការ៉េ (៨.៣៦១,២៧ ម៉ែត្រការ៉េ) នេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ «យូរមុន» អាណត្តិបួនឆ្នាំរបស់លោក ត្រាំ ត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២៩។

ទឹកប្រាក់ដែលនៅសល់នឹងត្រូវបង់ទៅឱ្យដើមបណ្តឹងផ្សេងទៀតនៅក្នុងសំណុំរឿងនេះ រួមមាន សហភាពអភិរក្សនិយមអាមេរិក (American Conservative Union) ដែលជាអ្នកឧបត្ថម្ភសន្និសីទសកម្មភាពនយោបាយអភិរក្ស (Conservative Political Action Conference) និងអ្នកនិពន្ធជនជាតិអាមេរិក Naomi Wolf។

ក្រុមហ៊ុន YouTube មិនបានទទួលស្គាល់កំហុសអ្វីទេ ហើយនឹងមិនធ្វើការផ្លាស់ប្តូរផលិតផល ឬគោលនយោបាយណាមួយក្រោមការដោះស្រាយបណ្តឹងនេះឡើយ។ លោក ត្រាំ មិនបានបាត់បង់គណនី YouTube របស់លោកកាលពីឆ្នាំ២០២១ នោះទេ ប៉ុន្តែត្រូវបានផ្អាកមិនឱ្យបង្ហោះវីដេអូថ្មីៗប៉ុណ្ណោះ ហើយគណនីរបស់លោកត្រូវបានដំណើរការឡើងវិញកាលពីឆ្នាំ២០២៣។

កាលពីខែមករា កន្លងទៅ ក្រុមហ៊ុន Meta បានយល់ព្រមបង់ប្រាក់ប្រហែល ២៥ លានដុល្លារ ហើយក្រុមហ៊ុន X បានបង់ប្រាក់ប្រហែល ១០ លានដុល្លារ កាលពីខែកុម្ភៈ ដើម្បីដោះស្រាយបណ្តឹង​ស្រដៀង​គ្នា​ដោយលោក ត្រាំ។ ការដោះស្រាយបណ្តឹងរបស់ Meta បានកំណត់ទឹកប្រាក់ ២២ លានដុល្លារ សម្រាប់មូលនិធិសម្រាប់បណ្ណាល័យប្រធានាធិបតីនាពេលខាងមុខរបស់លោក ត្រាំ នៅទីក្រុង Miami រដ្ឋ Florida៕