FIFA ដាក់ចេញគោលការណ៍ចាញ់ ៣-០ ដែលអាចប៉ះពាល់ដល់ជម្រុះ World Cup 2026

30-09-2025 09:34

(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA បានសម្រេចដាក់ចេញនូវគោលការណ៍កាត់ឱ្យចាញ់ ៣-០ ដែលអាចញាំងឱ្យប៉ះពាល់ដល់ការប្រកួតជម្រុះ World Cup 2026 ក្នុងដំណើរស្វែងរកកៅអីទៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ SPORTbible។

ជាមួយគ្នានោះដែរ FIFA ក៏ត្រៀមដាក់ពិន័យជាទឹកប្រាក់ប្រមាណជិត ១០,០០០ផោនទៀតផង ទៅលើក្រុមជម្រើសជាតិណាមួយដែលបានដាក់កីឡាករហាមឃាត់ចូលលេង ក្នុងកម្មវិធីជម្រុះ World Cup 2026 ដែលបានកំពុងដំណើរការនៅឡើយ។

តួយ៉ាងក្រុមជម្រើសជាតិ Equatorial Guinea ត្រូវបានបង្ខំកាត់ឱ្យចាញ់ដោយលទ្ធផល ៣-០ ចំនួន ២ប្រកួតពីក្នុងពូល H នៃវគ្គជម្រុះ World Cup 2026 ប្រចាំទ្វីបអាហ្រ្វិក ក្រោយពេល FIFA បានរកឃើញពួកគេបានដាក់កីឡាករហាត់ឃាត់ចូលលេង។

ករណីនេះដដែលក៏ត្រូវបានរកឃើញម្តងទៀតទៅលើក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូង អតីតម្ចាស់ផ្ទះ World Cup 2010 ដែលបានដាក់កីឡាករ Teboho Mokoena ចូលលេងក្នុងប្រកួតទល់នឹង Lesotho កាលពីដើមខែកញ្ញា ដ្បិតខ្សែបម្រើរូបនេះ បានទទួលបានកាតលឿងចំនួន ២លើករួចមកហើយ ដោយតាមច្បាប់ត្រូវហាមឃាត់ ១ប្រកួតបន្ទាប់៕