Real ក្រុមលេខ១ នៅអឺរ៉ុបត្រូវប៉ះ Kairat ឈរនៅចំណាត់ថ្នាក់លេខ១៧៩ ក្នុងប្រកួតទី២ នៅ UCL រាត្រីនេះ

30-09-2025 10:20

(បរទេស)៖ អតីតម្ចាស់ជើងឯក UEFA Champions League ១៥សម័យកាលច្រើនជាងគេ Real Madrid ត្រូវប៉ះម្ចាស់ផ្ទះ Kairat Almaty ដែលមានចំណាត់ថ្នាក់ទាបជាងគេ ក្នុងកម្មវិធីអឺរ៉ុបរដូវកាល ២០២៥-២៦ នេះ។

ពីគេហទំព័រកីឡា Opera News ក៏បានចេញផ្សាយថា ក្នុងជំនួបទល់នឹងក្រុមលេងនៅលីគកំពូល Premier League របស់ប្រទេសកាហ្សាក់ស្ថាននេះ Real ក៏បានជួបប្រទះនូវការធ្វើដំណើរដ៏វែងឆ្ងាយផងដែរពីរដ្ឋធានី Madrid នៃប្រទេសអេស្ប៉ាញ ដើម្បីមកកាន់ដែនដីអាស៊ី។

ពួកគេក៏រំពឹងទទួលបាន ៣ពិន្ទុជាលើកដំបូងនៅទឹកដីក្រៅផ្ទះក្នុងវគ្គសន្សំពិន្ទុ League Phase ក្រោយយកឈ្នះ ២-១ ទៅលើក្រុមបារាំង Marseille នៅថ្ងៃបើកឆាក UCL ស្របពេលក្រុមលេខ២ របស់កាហ្សាក់ស្ថាន Kairat បានបរាជ័យក្នុងផ្ទះ Sporting CP ៤-១។

ក្រុមរបស់លោក Xabi Alonso បានបាត់បង់កីឡាករសំខាន់ ២រូបនៅតំបន់ការពាររួមមាន Eder Militao និង Dani Carvajal ដែលមានរបួសក្នុងប្រកួតដែល Real បានចាញ់ Atletico Madrid ៥-២ នៃជំនួប Derby ក្នុងលីគចុងសប្តាហ៍មុន នៅពេល Kairat ក៏បានអវត្តមាន Elder Santana និង Joao Paulo ពីបញ្ហារបួស ACL ដូចគ្នា ដែលត្រូវបានគេរំពឹងថា នឹងត្រឡប់មកវិញដល់ឆ្នាំ២០២៦ ឯណោះ៕