FIFA ពិន័យសហព័ន្ធកីឡាបាល់ទាត់អេលសាល់វ៉ាឌ័រ ៦២,៧១៥ម៉ឺនដុល្លារ ចំពោះអាកប្បកិរិយារើសអើងជាតិសាសន៍
30-09-2025 10:52
(ស្វីស)៖ FIFA បានដាក់ពិន័យសហព័ន្ធកីឡាបាល់ទាត់ អេលសាល់វ៉ាឌ័រ (FESFUT) ចំពោះអាកប្បកិរិយារើសអើងជាតិសាសន៍ និងរើសអើងពីសំណាក់អ្នកគាំទ្រអំឡុងពេលការប្រកួតជម្រុះ CONCACAF ទល់នឹក្រុមស៊ូរីណាម (Suriname) សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ។

សហព័ន្ធអេលសាល់វ៉ាឌ័រ (FESFUT) ត្រូវបានឱ្យដឹងកាលពីថ្ងៃចន្ទថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានពិន័យជាទឹកប្រាក់ចំនួន ៦២,៧១៥ម៉ឺនដុល្លារ ចំពោះករណីប្រឆាំងទៅនឹងការរើសអើង ដែលត្រូវបានអនុម័ត។
មុនឈានដល់ការដាក់ពិន័យនេះ ស្ថិតក្នុងការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិ អេលសាល់វ៉ាឌ័រ បានធ្វើជាម្ចាស់ផ្ទះលេងចាញ់ក្រុមស៊ូរីណាម ២-១ កាលពីថ្ងៃទី០៨ ខែកញ្ញាកន្លងទៅ នៅក្នុងការប្រកួតដែលអ្នកគាំទ្របានស្រែក និងធ្វើកាយវិការរើសអើងជាតិសាសន៍ និងរើសអើងប្រឆាំងនឹងកីឡាករមកពីប្រទេសអាមេរិកខាងត្បូង ។
សូមជម្រាបផងថា សម្រាប់ការប្រកួតជម្រុះដណ្តើមកៅអីឈានទៅ World Cup 2026 នៅតំបន់ CONCACAF ស្ថិតក្នុងជុំទី៣ នៃពូល A ក្រុមជម្រើសជាតិស៊ូរីណាម កំពុងនាំមុខគេ ៤ពិន្ទុ ហើយក្រុមអេលសាល់វ៉ាឌ័រ ទើបមាន ៣ពិន្ទុ នឹងក្រុមប៉ាណាម៉ា រកបាន ២ពិន្ទុជាមួយក្រុមហ្គាតេម៉ាឡា មាន ១ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា ៕