ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ

30-09-2025 11:34

(ភ្នំពេញ)៖ ធនាគារ វីង ដែលជាធនាគារបង្កើតឡើងដោយកូនខ្មែរ ១០០% បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកស្ទួយ ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកតាមរយៈការចូលរួមឧបត្ថម្ភកម្មវិធីពិព័រណ៍ផលិតផលខ្មែរប្រព្រឹត្តិទៅក្រោមមូលបទ៖ «ខ្មែរធ្វើបាន» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ បានចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ ដែលមានជិត ៣០០ស្ដង់ដាក់តាំងបង្ហាញផលិតផលខ្មែរជាច្រើនប្រភេទ ហើយទទួលបានការចូលរួម និងទាក់ទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងច្រើនកុះករ។

ពិព័រណ៍នេះបានដាក់តាំងបង្ហាញផលិតផលជាច្រើនសម្បូរបែបដូចជា៖ ផលិតផលកសិកម្ម សិប្បកម្ម វាយនភ័ណ្ឌ និងចំណីអាហារ-ភេសជ្ជៈ ដែលជាស្មារតីសាទរចំពោះគំនិតច្នៃប្រឌិត និងការគាំទ្រសហគ្រិនអ្នកផលិតខ្មែរយើង។

តាមរយៈសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានគូសបញ្ជាក់ថា ពិព័រណ៍នេះ គឺឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមោទកភាពរួម។ លោកបានគូសបញ្ជាក់ទៀតថាការចូលរួមយ៉ាងសកម្មពីសាធារណជនបែបនេះ បានបង្ហាញពីសក្ដានុពលដ៏ពិសេសដែលកម្ពុជាមាន ក៏ដូចជារួមចំណែកដល់ការពង្រឹងអនាគតប្រទេសជាតិឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំមួយនៅក្នុងព្រឹត្តិការណ៍នេះ ធនាគារ វីង បានរៀបចំស្ដង់នៅទីនោះដែលមានបុគ្គលិកជំនាញក្នុងការផ្តល់ប្រឹក្សាយោបល់ហិរញ្ញវត្ថុ ជូនដល់អ្នកចូលរួម សហគ្រិន និងសហគ្រាសធុនតូច និងមធ្យម។ ការប្រឹក្សានេះ មានគោលបំណងផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដល់អាជីវកម្មក្នុងស្រុក សំដៅគាំទ្រដល់កំណើន និងនិរន្តរភាពអាជីវកម្ម។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ស.ស.យ.ក ដែលបានរៀបចំព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះឡើង ដើម្បីជំរុញ និងគាំទ្រផលិតផលក្នុងស្រុក។ នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់សាធារណជន ក្នុងការស្វែងយល់បន្ថែមអំពីផលិតផលខ្មែរ និងភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតក្នុងស្រុកជាមួយអតិថិជនដោយផ្ទាល់។ ការគាំទ្រផលិតផលខ្មែរ គឺជាកម្លាំងចលករនៃការគាំទ្រសេដ្ឋកិច្ចជាតិ និងភាពរីកចម្រើននៅក្នុងសហគមន៍របស់យើង»

ពិព័រណ៍ផលិតផល «ខ្មែរធ្វើបាន» ដែលបានប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យមរាប់រយនៅក្រោមដំបូលតែមួយនាពេលនេះ គឺបានជួយជំរុញការផ្សព្វផ្សាយផលិតផលក្នុងស្រុក លើកស្ទួយមោទកភាពជាតិ និងការកសាងស្មារតីសាមគ្គីភាពរវាងអ្នកផលិត និងសាធារណជន ដែលទាំងអស់នេះគឺជាចំណែកដ៏សំខាន់ក្នុងការជួយឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់ និងមានភាពរឹងមាំយូរអង្វែង៕