គ្រូបង្វឹក Chelsea ថា នឹងជួបការលំបាក ពេលប៉ះក្រុមរបស់លោក Jose ដោយសារកីឡាករភាគច្រើនរបួស
30-09-2025 11:35
(បរទេស)៖ អ្នកចាត់ការទូទៅតោខៀវ Chelsea លោក Enzo Maresca បានទទួលស្គាល់ថា ក្រុមរបស់លោកនឹងជួបការលំបាក នៅពេលពើបប្រទះនឹង Benfica របស់លោក Jose Mourinho រំលងអាធា្រត្រនេះ ក្នុងកម្មវិធី UEFA Champions League 2025-26។

គ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះបានថ្លែងក្នុងសន្និសីទ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «មែនទែនទៅ ខ្ញុំនៅតែចង់រក្សាលំនឹងក្លឹបនៅខ្លាំងដដែលសម្រាប់ Champions League ក៏ប៉ុន្តែកីឡាករពួកយើងភាគច្រើនមានរបួស និងត្រូវប្រឈមមុខនឹង Liverpool នាចុងសប្តាហ៍នេះទៀត»។
លោកបញ្ជាក់ថា «ការជួបក្រុមដែលដឹកនាំដោយលោក Jose Mourinho គឺពិតជាមិនងាយស្រួលឡើយ ជាពិសេសផងនោះ គាត់ជាអតីត Legend របស់ Chelsea ទៀត»។
លោក Maresca ដែលបានដឹកនាំ Chelsea ឈ្នះជើងឯកពានកម្រិតទី៣ អឺរ៉ុប UEFA Europa Conference League និងពាន FIFA Club World Cup 2025 បានបង្ហើបពីវត្តមានមិនច្បាស់លាស់របស់កីឡាករ Moises Caicedo, Joao Pedro និង Andrey Santos ដ្បិតកំពុងមានរបួសតិចតួច។
ចំណែកឯបុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៦២ឆ្នាំ Mourinho ដែលធ្លាប់ដឹកនាំ Chelsea ២លើកនៅចន្លោះឆ្នាំ២០០៤-២០០៧ និងឆ្នាំ២០១៣-២០១៥ បានដឹកនាំក្លឹបដំបូងរបស់លោក Benfica មិនទាន់ចាញ់ឡើយ ក្នុងចំណោម ៣ប្រកួត ក្រៅពីឈ្នះ២ និងស្មើ១ មុនពេលធ្វើដំណើរមកកាន់ទឹកដី Stamford Bridge វិញរាត្រីនេះ ជាទីដែលលោកឈ្នះពានធំៗចំនួន៧ នៅទឹកដីអង់គ្លេសនេះ៕