នៅជប៉ុន ការផឹកស្រាជាមួយអតិថិជន ឬមិត្តរួមការងារគឺជាសញ្ញានៃ «ភាពស្មោះត្រង់» របស់ក្រុមហ៊ុន ហើយចាត់ទុកថាជាផ្នែកមួយនៃការងារ
30-09-2025 11:42
(បរទេស)៖ នៅប្រទេសជប៉ុន ការផឹកស្រាបន្ទាប់ពីធ្វើការជាមួយមិត្តរួមការងារ ឬអតិថិជន ដែលត្រូវបានគេស្គាល់ថា ណូមីកៃ (nomikai - 飲み会) ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាមធ្យោបាយមួយក្នុងការកសាងទំនុកចិត្ត ពង្រឹងទំនាក់ទំនង និងបង្ហាញពីភាពស្មោះត្រង់ចំពោះក្រុមហ៊ុន។ យោងតាមការសិក្សាវប្បធម៌ និងការស្ទង់មតិនៅកន្លែងធ្វើការដែលដកស្រង់ដោយ BBC និង The Japan Times ការជួបជុំទាំងនេះត្រូវបានចាត់ទុកថា ជាការបង្ហាញអារម្មណ៍ពិត ដោយគ្មានគិតពីឋានានុក្រមនៃអ្នកដែលចូលរួម និងការសន្ទនាបើកចំហត្រូវបានលើកទឹកចិត្ត។

មុខងារចម្បងនៃ ណូមីកៃ គឺដើម្បីបង្កើតបរិយាកាសសម្រាប់ការទំនាក់ទំនងដែលបរិស្ថានការិយាល័យផ្លូវការមិនអនុញ្ញាត។ នៅក្នុងក្រុមហ៊ុនជប៉ុន ការរក្សាគម្លាតសង្គមដ៏តឹងរ៉ឹង និងការគោរពតាមឋានានុក្រមគឺជាកត្តាចាំបាច់ក្នុងម៉ោងការងារ ដូច្នេះហើយទើបពិធីជប់លៀង «ណូមីកៃ» បានក្លាយជាច្រកចេញដ៏ចាំបាច់មួយសម្រាប់បុគ្គលិក។ សម្រាប់ពាក្យ «ណូមីនីខេសិន (nominication)» វាជាការផ្សំបញ្ចូលគ្នារវាង nomu (ផឹក) និង communication (ទំនាក់ទំនង)។
ណូមីនីខេសិន បញ្ជាក់ពីជំនឿដែលថា គ្រឿងស្រវឹងដើរតួជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងសង្គម។ វាមានសារៈសំខាន់សម្រាប់ការកសាងដើមទុនសង្គម និងចំណងមិត្តភាពពិតប្រាកដ។ ដោយសារតែកន្លែងធ្វើការកម្រអនុញ្ញាតឱ្យបុគ្គលិកបង្ហាញអារម្មណ៍ពិតរបស់ពួកគេ (honne) នោះ បរិយាកាសផឹកស៊ីគឺជាកន្លែងដែលត្រូវបានអនុញ្ញាតឱ្យមានការពិភាក្សាដោយត្រង់ៗ។ នៅទីនេះ រឿងរ៉ាវផ្ទាល់ខ្លួនត្រូវបានចែករំលែក ការត្អូញត្អែរត្រូវបានបញ្ចេញ ហើយការយល់ដឹងកាន់តែស៊ីជម្រៅរវាងមិត្តរួមការងារត្រូវបានបង្កើតឡើង ដែលបន្ទាប់មកត្រូវបានគេរំពឹងថា នឹងប្រែទៅជាកិច្ចសហប្រតិបត្តិការកាន់តែរលូននៅពេលត្រឡប់ទៅការិយាល័យវិញ។
គោលបំណងធំមួយនៅក្នុងពិធីជួបជុំ ណូមីកៃ គឺវាជាកន្លែងដែល «គ្មានឋានានុក្រម»។ ថ្នាក់លើ និងថ្នាក់ក្រោមអាចនិយាយបានកាន់តែបើកចំហ ចែករំលែករឿងកំប្លែង រឿងសោកសៅ បញ្ហាផ្សេងៗ។
ការជួបជុំទាំងនេះត្រូវបានចាត់ទុកថាជា ការបន្តម៉ោងធ្វើការ ដោយយោងតាមការសិក្សាវប្បធម៌មួយចំនួន ដែលភក្ដីភាព និងការប្ដេជ្ញាចិត្តដែលបានបង្ហាញ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃភាពស្មោះត្រង់របស់បុគ្គលចំពោះក្រុមហ៊ុន ហើយអាចមានឥទ្ធិពលទៅលើការរីកចម្រើនក្នុងអាជីព។
ត្បិតតែវាជាការចូលរួមដោយ «គ្មានឋានានុក្រម» ក្ដី ប៉ុន្តែវាក៏ត្រូវបានកំណត់នូវក្រមសីលធម៌ផងដែរ ដូចជាការជល់កែវ គឺត្រូវតែធ្វើឡើងដោយអ្នករៀបចំ ឬមនុស្សចាស់ជាងគេនៅតុនិយាយពាក្យថា «Kanpai! (លើកកែវ!)» ទើបអ្នកចូលរួមអាចផឹកបាន ហើយភេសជ្ជៈដំបូងតែងតែជាស្រាបៀរ។ ចំណុចមួយដ៏សំខាន់បំផុតទៀតនោះគឺ វិធានមាស «មិនត្រូវចាក់ភេសជ្ជៈដោយខ្លួនឯងជាដាច់ខាត»។ ផ្ទុយទៅវិញ មិត្តរួមការងារវ័យក្មេង (ជាពិសេសបុគ្គលិកថ្មី) ត្រូវតែតាមដានកែវរបស់ថ្នាក់លើរបស់ពួកគេដោយយកចិត្តទុកដាក់។ ការចាក់ភេសជ្ជៈជូនថៅកែ គឺជាមធ្យោបាយជាក់ស្តែងមួយដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការគោរព។ ចំណែកនៅពេលជល់កែវ អ្នកដែលមានឋានៈទាបត្រូវកាន់កែវរបស់ពួកគេ ទាបជាង កែវរបស់ថ្នាក់លើដើម្បីបង្ហាញការគោរព។
ការជួបជុំទាំងនេះភាគច្រើនគឺធ្វើឡើងរហូតដល់ ៣ជុំ។ ដោយការជួបជុំផ្លូវការគឺ ichijikai (ជប់លៀងដំបូង)។ ជារឿយៗវាត្រូវបានបន្តដោយ nijikai (ជុំទីពីរ) នៅកន្លែងផ្សេង ដូចជាហាងខារ៉ាអូខេ ឬបារតូចមួយ ហើយជួនកាល sanjikai (ជុំទីបី) នៅហាងលក់អាហារ «រ៉ាមេន - Ramen Japanese» ដើម្បីកាត់បន្ថយការស្រវឹង។ ត្បិតតែការជួបជុំផឹកស៊ីនេះមានអ្នកខ្លះឈានដល់ការស្រវឹងក្ដី ប៉ុន្តែរាល់អ្នកដែលបានចូលរួមគឺត្រូវរក្សានូវគោលការណ៍សុវត្ថិភាពផ្ទាល់ខ្លួនពេលត្រឡប់ទៅផ្ទះវិញ និងព្រឹកថ្ងៃបន្ទាប់គឺពួកគេត្រឡប់ទៅធ្វើការវិញតាមតួនាទីរបស់ខ្លួន ហើយរឿងរ៉ាវដែលកើតឡើងនៅពេលយប់ត្រូវបានបំភ្លេចចោល ឬអត់ឱនឱ្យ។
ត្បិតតែវាជាការជួបជុំដ៏ប្រពៃណី និងទម្លាប់មួយល្អក៏ពិតមែន ប៉ុន្តែវាក៏ទទួលបានការរិះគន់ជាច្រើនផងដែរ។ ការរិះគន់ដ៏ធំបំផុតគឺថា ខណៈពេលដែលការចូលរួមគឺជាការស្ម័គ្រចិត្ត ប៉ុន្តែការបដិសេធការអញ្ជើញពីថ្នាក់លើផ្ទាល់ ត្រូវបានគេយល់ថា ជាការបដិសេធមិនធ្វើជាផ្នែកមួយនៃក្រុម ដែលអាចនាំឱ្យមាន ការរើសអើង ឬផលវិបាកអវិជ្ជមានសម្រាប់វឌ្ឍនភាពអាជីពនាពេលអនាគត។ វប្បធម៌ណូមីកៃ ត្រូវបានចាត់ទុកថាជា «ការបន្តម៉ោងធ្វើការ ឬការធ្វើការបន្ថែមម៉ោង» ប៉ុន្តែវាមិនទទួលបានប្រាក់កម្រៃតាមរយៈការលះបង់ពេលវេលាផ្ទាល់ខ្លួន ឬក្រុមគ្រួសារ។
នៅក្នុងពិធីជួបជុំ «ណូមីកៃ» ត្រូវបានគេរកឃើញថា មានការបង្ខិតបង្ខំអ្នកមិនផឹកឱ្យបរិភោគគ្រឿងស្រវឹង ការចាក់ស្រាចូលក្នុងកែវដែលពេញជាបន្តបន្ទាប់ ឬការចំអកទៅកាន់ចំពោះអ្នកដែលមិនផឹកស្រា (ផឹកទឹកក្រូច ឬទឹកសុទ្ធជំនួស)។ សកម្មភាពនេះគឺវាបានកើតមានឡើងជាញឹកញាប់នៅក្នុងពិធីសង្គមមួយនេះ។ ការស្ទង់មតិឆ្នាំ ២០២៣ បានបង្ហាញថា ជិត ៨០% នៃអ្នកឆ្លើយតប ចាត់ទុកការរិះគន់ចំពោះការមិនចូលរួមពិធីជប់លៀងផឹកស៊ីថាជា «ការយាយី»។
ទំនាក់ទំនងដ៏រឹងមាំរវាង វប្បធម៌ផឹកស៊ីរបស់ជប៉ុន និងប្រពៃណីរបស់បុរសក្នុងសាជីវកម្ម ជារឿយៗរារាំងអ្នកដែលមានកាតព្វកិច្ចគ្រួសារ ដូចជាម្ដាយដែលធ្វើការ និងឪពុក ក៏ដូចជាបុគ្គលិកបរទេសដែលពិបាកក្នុងការបន្សាំខ្លួនជាមួយទំនៀមទម្លាប់ ឬមិនផឹកស្រា៕