NOCC ប្រកាសរៀបចំព្រឹត្តិការណ៍កីឡាកុមារ លើកដំបូង ដើម្បីបញ្ជ្រាបគុណតម្លៃអូឡាំពិកដល់កុមារពីអាយុ ១ឆ្នាំ ទៅ ៧ឆ្នាំ
30-09-2025 13:59
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅផ្សារទំនើបអ៊ីអនមានជ័យ ដើម្បីផ្សព្វផ្សាយ និងអប់រំ អំពីឧត្ដមគតិអូឡាំពិក ឬគុណតម្លៃអូឡាំពិក ដល់កុមារ ចាប់ពីអាយុ ១ឆ្នាំ ដល់ ៧ឆ្នាំ ដែលជាគោលការណ៍ថ្មីមួយរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC)។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូង នៅថ្ងៃទី៣០ ខែកញ្ញានេះថា នេះគឺជាគោលការណ៍ថ្មីមួយ ដែល IOC បាននឹងកំពុងជំរុញដល់បណ្ដាអូឡាំពិកនីមួយៗ ក្នុងការផ្សព្វផ្សាយ និងអប់រំ អំពីគុណតម្លៃអូឡាំពិក ដល់កុមារ ដោយផ្ដោតលើគុណតម្លៃ ៣សំខាន់ រួមមាន៖ ១-ការគោរព, ២- មិត្តភាព និងទំនាក់ទំនង (Friendship) និង ៣-ឧត្តមភាព (Excellence)។
ព្រឹត្តិការណ៍នេះ ផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៤ ទី១-ការបណ្ដុះគុណតម្លៃអូឡាំពិក និងការផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកដល់កុមារ ក្នុងការចូលរួមសកម្មភាពកីឡា។ ទី២-ជំរុញកុមារឲ្យស្គាល់ពីការប្រកួតប្រជែង តាំងពីក្មេង។ ទី៣-ផ្ដល់ឱកាសឲ្យកុមារគ្រប់វ័យ ចន្លោះពីអាយុ ១ឆ្នាំ ដល់ ៧ឆ្នាំ បានចូលរួមលេងកីឡា និងផ្ដល់ឱកាសឲ្យអាណាព្យាបាល បានយល់ពីអត្ថប្រយោជន៍នៃកីឡា ព្រោះកីឡា គឺជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃក្នុងសង្គម។
រីឯគោលបំណងទី៤ គឺការផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ដោយថវិកាទទួលបានពីការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារ និងជួយដល់កុមារ ពិសេសការជួយជាសម្ភារៈកីឡា ដល់កុមារតាមសាលារៀន នៅតំបន់ដាច់ស្រយាលតែម្ដង។
លោក វ៉ាត់ ចំរើន បន្ដថា នេះគឺជាគុណតម្លៃអូឡាំពិក ដែលត្រូវបណ្ដុះចាប់ពីកុមារតទៅ ស្របតាមការណែនាំរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានជំរុញព្រឹត្តិការណ៍នេះ ឲ្យក្លាយជាចលនាជាតិមួយដ៏មានសារៈសំខាន់ ចាប់ពីឆ្នាំ២០២៦ តទៅ ។ លោកថា ឆ្នាំក្រោយ ផ្ដើមពីការរៀបចំថ្នាក់ជាតិ តែទៅមុខទៀត នឹងអាចមានការរៀបចំជាព្រឹត្តិការណ៍កីឡាកុមារកម្រិតតំបន់ ទ្វីប និងកម្រិតពិភពលោកផងដែរ។
គួរដឹងថា ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នឹងចាប់ផ្ដើមទទួលពាក្យពីដើមខែតុលាទៅ តាមរយៈគេហទំព័រផ្លូវការរបស់ NOCC (https://olympiccambodia.com/) ។ ដើម្បីធានាការរៀបចំលើកដំបូងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ គណៈកម្មការរៀបចំនឹងកំណត់ចំនួនអ្នកចូលរួមប្រមាណ ៥៥០នាក់ប៉ុណ្ណោះ។ រីឯប្រភេទកីឡា មានចំនួន ១០ ដែលបែងចែកទៅតាមប្រភេទអាយុ ដើម្បីងាយស្រួលដល់ការជ្រើសរើសចុះឈ្មោះចូលរួមរបស់អាណាព្យាបាល៕